ការសាយភាយរឿងរាមកេរ្តិ៍ និងការតភ្ជាប់ផ្លូវនាវាចរណ៍៖ ចំណងភ្ជាប់អារ្យធម៌ដ៏រស់រវើករវាងឥណ្ឌា និងប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦–ទិវាឯករាជ្យជាតិរបស់ប្រទេសឥណ្ឌា មិនត្រឹមតែជាការអបអរសាទរចំពោះសេរីភាពរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការរំលឹកផងដែរថា រឿងរ៉ាវរបស់ឥណ្ឌាមិនដែលត្រូវបានកំណត់ត្រឹមតែព្រំដែននៃឧបទ្វីបនេះឡើយ។ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ គំនិត អក្សរសិល្ប៍ រឿងរ៉ាវ និងសោភ័ណភាពនៃអារ្យធម៌ឥណ្ឌា បានធ្វើដំណើរតាមខ្យល់មូសុង ធ្វើដំណើរជាមួយអ្នកធម្មយាត្រា និងសាយភាយតាមរយៈក្រុមអាជីវករ ទៅកាន់ដែនដីនានានៃអាស៊ីអាគ្នេយ៍។ នាថ្ងៃនេះ នៅពេលដែលយើងប្រារព្ធខួបថ្ងៃទី ១៥ ខែសីហា យើងក៏កំពុងអបអរសាទរចំពោះដំណើរអារ្យធម៌រួមគ្នានេះ ជាមួយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី ថៃ វៀតណាម កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដែលជាស្ពានភ្ជាប់អារ្យធម៌ដ៏រស់រវើករវាងប្រជាជននៃប្រទេសយើង។
នៅក្នុងប្រពៃណីឥណ្ឌា «យាត្រា» (Yatra) មិនមែនគ្រាន់តែជាការធ្វើដំណើរតាមផ្លូវកាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណើរផ្លូវចិត្តផងដែរ។ ដំណើរយាត្រាមួយក្នុងចំណោមដំណើរទាំងនោះ ដែលនៅតែស្ថិតក្នុងការចងចាំរបស់ប្រជាជននៅភាគខាងកើតប្រទេសឥណ្ឌា គឺ «បាលីយាត្រា» (Bali Yatra) ដែលមានប្រវត្តិសាស្ត្រផ្សារភ្ជាប់ទៅនឹងរដ្ឋកលិង្គ (Kalinga) ក្នុងរដ្ឋអូឌីសា (Odisha) នាពេលបច្ចុប្បន្ន។ រៀងរាល់ឆ្នាំ នៅតាមច្រាំងទន្លេមហានទី (Mahanadi) ប្រជាជនតែងតែបណ្តែតកប៉ាល់តូចៗ ដើម្បីរំលឹកដល់អ្នកនាវាចរណ៍បុរាណដែលបានធ្វើដំណើរឆ្ពោះទៅកាន់កោះបាលី និងដែនដីឆ្ងាយៗ ដោយនាំយកទៅជាមួយនូវសម្លៀកបំពាក់ គ្រឿងទេស និងរឿងរ៉ាវផ្សេងៗ។ ពួកគេមិនបានធ្វើដំណើរក្នុងនាមជាអាជីវករតែមួយមុខនោះទេ ប៉ុន្តែថែមទាំងជាអ្នកនាំយករឿងរ៉ាវនៃរាមាយណៈ (រាមកេរ្តិ៍) និងមហាភារតៈ ជាអ្នកកសាងប្រាសាទ និងជាអ្នកនាំយកនូវជំនឿថា ព្រះអាទិទេពគង់នៅក្នុងសព្វសារពើនៃការបង្កើតលោក។ ជាច្រើនសតវត្សក្រោយមក នៅពេលដែលយើងធ្វើដំណើរឆ្លងកាត់ភូមិឋាននានានៃកោះបាលី និងបានឃើញអាស្រមហិណ្ឌូ ព្រមទាំងបានឮរឿងរ៉ាវរាមកេរ្តិ៍ដែលលាយឡំនៅក្នុងសិល្បៈក្នុងស្រុក យើងបានដឹងថា ស្ពាននាវាចរណ៍នេះមិនដែលបាក់បែកពិតប្រាកដនោះទេ។ វាគ្រាន់តែបានផ្លាស់ប្តូររូបរាងប៉ុណ្ណោះ។
ស្ពាននោះកំពុងត្រូវបានពង្រឹងឡើងវិញយ៉ាងយកចិត្តទុកដាក់នាពេលបច្ចុប្បន្ន។ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសឥណ្ឌូណេស៊ីនាពេលថ្មីៗនេះ ក្នុងខែកក្កដា ឆ្នាំ ២០២៦ នាយករដ្ឋមន្ត្រី ណារិន្រ្ទា ម៉ូឌី (Narendra Modi) បានអញ្ជើញទៅទស្សនាប្រាសាទប្រាំបាន៉ាន់ (Prambanan) ដ៏ស្កឹមស្កៃ ដែលស្ថិតនៅជិតក្រុងយ៉កយ៉ាការតា (Yogyakarta) និងជាប្រាសាទដ៏ធំមួយដែលឧទ្ទិសថ្វាយព្រះឥសូរ (ព្រះសិវៈ) នៅប្រទេសឥណ្ឌូណេស៊ី។ នៅទីនោះ រួមជាមួយប្រធានាធិបតី Prabowo Subianto លោកបានសម្ពោធផ្ទាំងអនុស្សាវរីយ៍ ដែលកត់សម្គាល់ការចាប់ផ្តើមការងារអភិរក្ស និងជួសជុលរបស់នាយកដ្ឋានអភិរក្សបុរាណវិទ្យានៃប្រទេសឥណ្ឌា (ASI) នៅទីតាំងបេតិកភណ្ឌពិភពលោករបស់ UNESCO មួយនេះ។ ប្រាសាទប្រាំបាន៉ាន់ មិនមែនគ្រាន់តែជាថ្មដែលតម្រៀបលើថ្មនោះទេ ប៉ុន្តែវាគឺជាកាព្យដែលត្រូវបានឆ្លាក់ចារនៅលើថ្មបាសាល់ (Basalt)។ ការសម្តែងរឿងរ៉ាវរាមកេរ្តិ៍ដ៏ល្បីល្បាញនៅទីនោះ ត្រូវបានចាត់ទុកថាស្ថិតក្នុងចំណោមការសម្តែងដ៏អស្ចារ្យ និងផ្ចិតផ្ចង់បំផុតក្នុងពិភពលោក ដែលសិល្បៈឥណ្ឌូណេស៊ីបានផ្តល់ជីវិតថ្មីដល់វីរភាពរបស់ឥណ្ឌា ហើយអ្នកជំនាញឥណ្ឌាកំពុងជួយអភិរក្សបេតិកភណ្ឌរួមនេះសម្រាប់មនុស្សជំនាន់ក្រោយ។
ស្មារតីនៃភាពជាដៃគូនេះអាចមើលឃើញយ៉ាងច្បាស់នៅទូទាំងដងទន្លេមេគង្គ និងលើសពីនេះ។ នៅក្នុងប្រទេសឡាវ ឥណ្ឌាបានចាប់ដៃគ្នាក្នុងការជួសជុលប្រាសាទវត្តភូ (Vat Phou) ដែលជាប្រាសាទបុរាណឧទ្ទិសថ្វាយព្រះឥសូរ និងដែលក្រោយមកបានប្រែក្លាយជាទីតាំងព្រះពុទ្ធសាសនា នៅជើងភ្នំលិង្គបព៌ត (Lingaparvata) ដ៏ពិសិដ្ឋ។ នៅទីនេះ ផ្ទាំងថ្មបានរៀបរាប់អំពីព្រហ្មញ្ញសាសនា (សិវនិកាយ) និងព្រះពុទ្ធសាសនា ដែលបានឱបក្រសោបគ្នាទៅវិញទៅមក ព្រមទាំងបង្ហាញពីរបៀបដែលវប្បធម៌របស់យើងមិនដែលចាត់ទុកជំនឿជាជញ្ជាំងនោះទេ ប៉ុន្តែជាបង្អួច។ ឥណ្ឌាក៏កំពុងគាំទ្រដល់ការអភិរក្សទម្រង់សិល្បៈរាមកេរ្តិ៍ «ព្រះលក្ខណ៍ ព្រះរាម» សិល្បៈល្ខោនស្បែក និងគំនូរជញ្ជាំងនៅវត្តប៉ាខែ (Wat Pa Khae) ដែលបង្ហាញពីរឿងរ៉ាវជាតក និងរាមកេរ្តិ៍ ដោយធានាថា សិល្បករក្នុងស្រុកនៅតែជាអ្នកថែរក្សាជីវិតនៃវីរភាពអក្សរសិល្ប៍នេះ មិនមែនគ្រាន់តែជាទស្សនិកជនប៉ុណ្ណោះទេ។
នៅក្នុងប្រទេសកម្ពុជា ឥណ្ឌាគឺជាប្រទេសដំបូងគេដែលបានឈានជើងចូលមកជួយអភិរក្សប្រាសាទអង្គរវត្ត បន្ទាប់ពីសង្គ្រាមស៊ីវិល។ ការប្តេជ្ញាចិត្តនោះបានបន្តតាមរយៈគម្រោងជួសជុលនៅប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ ព្រមទាំងការជួយអភិរក្សប្រាសាទអាស្រមមហាឥសី និងគំនូរជញ្ជាំងនៅវត្តរាជបូព៌។ ទាំងនេះមិនត្រឹមតែជាគម្រោងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសកម្មភាពដែលបង្ហាញពីជំនឿលើអនាគតរួមគ្នា។ ផ្ទាំងថ្មនីមួយៗដែលត្រូវបានសម្អាត សសរនីមួយៗដែលត្រូវបានពង្រឹង បានប្រាប់ទៅកាន់ពិភពលោកថា អតីតកាលរបស់យើងគឺជាបេតិកភណ្ឌរួម ហើយការការពារបេតិកភណ្ឌនេះគឺជាការទទួលខុសត្រូវរួមគ្នារបស់យើង។
ប្រទេសវៀតណាមក៏បានស្វាគមន៍កិច្ចសហប្រតិបត្តិការជាមួយឥណ្ឌាផងដែរ។ នៅបុរាណស្ថានមីសុន (My Son) ដែលជាទីតាំងបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO មួយផ្សេងទៀត អ្នកបុរាណវិទ្យាឥណ្ឌាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូវៀតណាម ដើម្បីជួសជុលក្រុមប្រាសាទដែលជាការចងចាំអំពីព្រះមហាក្សត្រចាម និងពិធីសាសនាសិវនិកាយ។ ឥណ្ឌាក៏កំពុងគាំទ្រការអភិរក្សនៅប្រាសាទញ៉ាន (Nhan Tower) និងការប្រែក្លាយឯកសារប្រវត្តិសាស្ត្រចាមទៅជាប្រព័ន្ធឌីជីថល (Digitization) ដោយនាំយកប្រាជ្ញាបុរាណចូលទៅក្នុងយុគសម័យឌីជីថល ដើម្បីឱ្យអ្នកស្រាវជ្រាវវ័យក្មេងនៅហាណូយ ឬឆេនណៃ អាចចូលមើលបេតិកភណ្ឌរួមនេះបានដោយគ្រាន់តែចុចមួយឃ្លីក។
រឿងរ៉ាវនៃការភ្ជាប់ទំនាក់ទំនងវប្បធម៌របស់យើង មិនត្រឹមតែមានកម្រិតចំពោះប្រាសាទបុរាណប៉ុណ្ណោះទេ។ វាត្រូវបានផ្ទុកនៅក្នុងព្រះបរមសារីរិកធាតុដ៏ពិសិដ្ឋ និងសេចក្តីស័ក្តិសិទ្ធិរស់រវើកនៃជំនឿ។ ការតាំងពិព័រណ៍ព្រះបរមសារីរិកធាតុរបស់ព្រះសម្មាសម្ពុទ្ធ និងព្រះអរហន្តសាវ័ក នាពេលថ្មីៗនេះ នៅប្រទេសថៃ និងវៀតណាម បានឃើញប្រជាជនទាំងព្រះសង្ឃ និងគ្រហស្ថរាប់លានអង្គ/នាក់ ចាប់ពីព្រះមហាក្សត្រ ថ្នាក់ដឹកនាំ រហូតដល់ប្រជាពលរដ្ឋទូទៅ បានចូលរួមសម្តែងការគោរពបូជា។ នៅពេលដែលព្រះបរមសារីរិកធាតុទាំងនេះបានធ្វើដំណើរពីប្រទេសឥណ្ឌាទៅកាន់អាស៊ីអាគ្នេយ៍ ព្រះបរមសារីរិកធាតុទាំងនោះបានដើរតាមផ្លូវបុរាណនៃព្រះធម៌ ដោយរំលឹកយើងថា ក្តីមេត្តា និងប្រាជ្ញា តែងតែហូរឆ្លងកាត់ព្រំដែននៃទ្វីបអាស៊ីដោយសេរី។
ជួនកាល ប្រវត្តិសាស្ត្របានត្រឡប់មកផ្ទះវិញក្នុងទម្រង់ជារូបរាងជាក់ស្តែង។ ការប្រគល់ត្រឡប់មកវិញនូវផ្ទាំងស្ពាន់ឡៃដិន (Leiden Copper Plates) ពីប្រទេសប៊ែលហ្សិក ដែលជាប់ពាក់ព័ន្ធនឹងព្រះមហាក្សត្រដ៏ស្ដុកស្ដម្ភនៃអាណាចក្រចោឡៈ (Chola) និងទំនាក់ទំនងផ្លូវសមុទ្ររបស់ពួកគេជាមួយអាស៊ីអាគ្នេយ៍ គឺជាឧទាហរណ៍ដ៏មានអត្ថន័យមួយ។ ផ្ទាំងស្ពាន់ទាំងនោះ គឺជាសក្ខីបត្រដែលឆ្លាក់លើលោហៈនៃទំនាក់ទំនង ដែលជាភស្តុតាងថា ពាណិជករ និងអ្នកគ្រប់គ្រងឥណ្ឌាបានប្រាស្រ័យទាក់ទងជាមួយឥណ្ឌូណេស៊ី និងដែនដីផ្សេងៗទៀត ក្នុងស្មារតីគោរព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ការត្រឡប់មកវិញរបស់ផ្ទាំងស្ពាន់ទាំងនេះ មិនត្រឹមតែជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែវាក៏គូសបញ្ជាក់ពីមោទនភាពរួមគ្នាដែលយើង និងដៃគូប្រទេសអាស៊ីអាគ្នេយ៍មានចំពោះប្រវត្តិសាស្ត្រដែលប្រទាក់ក្រឡាគ្នារបស់យើងផងដែរ។
ដើម្បីត្បាញសរសៃអំបោះទាំងនេះបញ្ចូលគ្នា ឥណ្ឌា និងប្រទេសជាដៃគូតាមដងទន្លេមេគង្គ និងទន្លេគង្គារបស់ខ្លួន ក៏បានបង្កើតវេទិកានៃកិច្ចសន្ទនាថ្មីៗផងដែរ។ សារមន្ទីរវាយនភ័ណ្ឌប្រពៃណីអាស៊ី MGC (MGC Asian Traditional Textile Museum) នៅក្រុងសៀមរាប ប្រទេសកម្ពុជា ដែលបង្កើតឡើងក្រោមក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (Mekong–Ganga Cooperation) បានបង្ហាញពីប្រពៃណីសិល្បៈតម្បាញដ៏សម្បូរបែបនៃប្រទេសឥណ្ឌា កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។ នៅពេលដែលភ្ញៀវទេសចរដើរកាត់សាលពិព័រណ៍ ហើយបានឃើញក្រណាត់អ៊ីកាត់ (Ikat) ពីរដ្ឋអូឌីសា ប្រទេសឥណ្ឌា សូត្រពីប្រទេសថៃ ក្រណាត់តម្បាញពីមីយ៉ាន់ម៉ា និងហូល ផាមួង សូត្រឌួងពីកម្ពុជា ដាក់បង្ហាញទន្ទឹមគ្នា ពួកគេយល់ថា ឧបករណ៍តម្បាញ និងកីតម្បាញ តែងតែជាអ្នកការទូតស្ងៀមស្ងាត់ ដែលកសាងទំនុកចិត្ត និងភាពស្និទ្ធស្នាលរវាងប្រទេសនិងប្រទេស។
ជំពូកថ្មីៗកំពុងត្រូវបានកត់ត្រាទុកនាពេលបច្ចុប្បន្ន។ គម្រោងនានារបស់ឥណ្ឌានាពេលខាងមុខ រួមមានការជួសជុលគំនូរជញ្ជាំងរាមកេរ្តិ៍នៅវត្តប៉ាខែ ក្នុងលួងព្រះបាង និងនៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ ព្រមទាំងការបន្តគាំទ្រដល់ការអភិរក្សបេតិកភណ្ឌព្រះពុទ្ធសាសនានៅបាកាន (Bagan) ប្រទេសមីយ៉ាន់ម៉ា។ គម្រោងនីមួយៗគឺជាសន្យាមួយថា៖ ការចូលរួមរបស់ឥណ្ឌាជាមួយប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ នឹងតែងតែគោរពប្រតិបត្តិតាមប្រពៃណីក្នុងស្រុក ដោយឈរលើតម្លៃរួមគ្នា និងផ្តោតលើការផ្តល់អំណាចដល់សហគមន៍។
នៅក្នុងទិវាឯករាជ្យនេះ នៅពេលដែលឥណ្ឌាអបអរសាទរដំណើរការកសាងជាតិរបស់ខ្លួនពីរជ្ជកាលអាណានិគម មកកាន់យុគសម័យទំនើបកម្មដោយភាពជឿជាក់ យើងធ្វើដូច្នេះដោយក្តីដឹងគុណចំពោះមិត្តរួមអារ្យធម៌របស់យើង។ អាស៊ីអាគ្នេយ៍មិនមែនជាតំបន់ដ៏សែនឆ្ងាយសម្រាប់យើងនោះទេ ប៉ុន្តែជាក្រុមគ្រួសារ។ ប្រាសាទរបស់យើងអាចត្រូវបានខណ្ឌចែកដោយផ្ទៃសមុទ្រ អក្សររបស់យើងអាចខុសគ្នា ភាសារបស់យើងអាចមានសំឡេងខុសគ្នា ប៉ុន្តែរឿងរ៉ាវដែលចារឹកលើផ្ទាំងថ្មប្រាសាទ និងច្រៀងនៅលើឆាក បានប្រាប់យើងថា យើងគឺជាផ្នែកមួយនៃរឿងព្រេងបុរាណអាស៊ីដ៏អស្ចារ្យតែមួយ។
នៅពេលដែលយើងសម្លឹងទៅអនាគត ការប្តេជ្ញាចិត្តរបស់ឥណ្ឌាគឺច្បាស់លាស់ណាស់។ យើងនឹងបន្តវិនិយោគលើការថែរក្សាបេតិកភណ្ឌរួម ការអបអរសាទរអក្សរសិល្ប៍រាមកេរ្តិ៍រួមគ្នា និងការបង្កើតមធ្យោបាយថ្មីៗ មិនថាក្នុងវិស័យវប្បធម៌ អប់រំ ទេសចរណ៍ ឬបច្ចេកវិទ្យានោះទេ ដើម្បីឱ្យប្រជាជនរបស់យើងបានស្គាល់គ្នាកាន់តែច្បាស់។ ព្រោះថា នៅពេលដែលអារ្យធម៌ដែលបានដើរជាមួយគ្នាអស់រយៈពេលពីរពាន់ឆ្នាំ មកធ្វើឱ្យចំណងមិត្តភាពរបស់យើងរស់រវើកឡើងវិញនៅក្នុងសតវត្សរ៍ទី២១ ពួកគេបានអុជប្រទីបបំភ្លឺផ្លូវសម្រាប់អនាគត ដែលអាចនាំផ្លូវយើងទាំងអស់គ្នា ទាំងនៅតាមដងទន្លេមេគង្គ និងទន្លេគង្គា ឆ្ពោះទៅកាន់សន្តិភាព វិបុលភាព និងការយល់ដឹងពីគ្នាទៅវិញទៅមកកាន់តែជ្រាលជ្រៅ។
លោក Amish Tripathi គឺជាអ្នកនិពន្ធសៀវភៅលក់ដាច់បំផុត អ្នកទទួលបានពានរង្វាន់ អ្នករៀបចំកម្មវិធីផ្សាយ និងជាអ្នកផលិតវីដេអូហ្គេម៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំកម្ពុជា





