អាស៊ានចង់ក្លាយជាតំបន់សេដ្ឋកិច្ចធំទីបួនក្នុងពិភពលោកនៅត្រឹមឆ្នាំ២០៣០
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោក ម៉ូហាម៉ាដ ហាសាន់ បាននិយាយថា អាស៊ានមានគោលបំណងក្លាយជាតំបន់មានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកនៅត្រឹមឆ្នាំ២០៣០ ប៉ុន្តែពាណិជ្ជកម្មផ្ទៃក្នុងរវាងប្រទេសនានានៅតែស្ថិតនៅក្រោម២៥%។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីពេលថ្មីៗនេះ ដែលប្រារព្ធទិវាអាស៊ានលើកទី៥៩ (ថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧-២០២៦) លោក ហាសាន់ បានជំរុញឱ្យអាស៊ានបង្កើនទំនាក់ទំនងពាណិជ្ជកម្មបន្ថែមទៀតក្នុងចំណោមរដ្ឋជាសមាជិករបស់ខ្លួន។ យោងតាមរូបលោក បានឱ្យដឹងថាអាស៊ានបានបង្កើតយន្តការផ្សេងៗដើម្បីគាំទ្រគោលដៅនេះ ដូចជាការដឹកជញ្ជូនទំនិញដោយសេរី ដែលមានគោលបំណងធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការជំរុញពាណិជ្ជកម្មក្នុងតំបន់។
នៅពេលមុននេះ លោក ហាសាន់ បានធ្វើជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៥៩ របស់អាស៊ាន ដែលរៀបចំដោយក្រសួងការបរទេសម៉ាឡេស៊ី ដោយមានភ្ញៀវចូលរួមប្រមាណ ៣០០នាក់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ទិវាអាស៊ានឆ្នាំនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយនៅក្នុងដំណើររបស់ប្លុក។ ដោយត្រូវបានបង្កើតឡើងនៅលើសសរស្តម្ភសំខាន់ៗចំនួនបី គឺនយោបាយ-សន្តិសុខសេដ្ឋកិច្ច និងសង្គម-វប្បធម៌ អាស៊ានបន្តបង្ហាញពីភាពរឹងមាំ សាមគ្គីភាព និងភាពធន់នៃសហគមន៍របស់ខ្លួន។ វាបានកត់សម្គាល់ថា ប្រទេសម៉ាឡេស៊ីបានចំណាយពេល ៥៩ឆ្នាំក្នុងកិច្ចសហការជាមួយគ្នា ចូលរួមចំណែក និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអាស៊ាន។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ថាការប្រារព្ធទិវាអាស៊ានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្លុក ខណៈដែលពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាពដែលបង្រួបបង្រួមប្រជាជាតិអាស៊ីអាគ្នេយ៍៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





