តំបន់រ៉ាមសារព្រែកទាល់ត្រូវ បានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--ក្រសួងបរិស្ថានបានឱ្យដឹងថានៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ានលើកទី២៨ និងកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានលើកទី៣៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១០-១១ ខែសីហា ឆ្នាំ២០២៦ តាមប្រព័ន្ធវីដេអូ រដ្ឋសមាជិកអាស៊ានបានគាំទ្រ និងឯកភាពដាក់បញ្ចូលបេក្ខភាពតំបន់រ៉ាមសារព្រែកទាល់ទៅជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានឆ្នាំ២០២៦។

តំបន់រ៉ាមសារព្រែកទាលជាតំបន់ដីសើម ស្ថិតក្នុងខេត្តបាត់ដំបង។ តំបន់ព្រែកទាល់ជាជម្រក ដ៏សម្បូរបែបនៃប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសាកល ដូចជា សត្វអណ្ដើកទន្លេ ក្រពើភ្នំ ត្រីគល់រាំង និងត្រីរាជ។ ក្រៅពីសម្បូរធនធានកម្រ និងជិតផុតពូជ តំបន់នេះ មានព្រៃលិចទឹក សត្វស្លាបទឹក និងភូមិអណ្ដែតទឹក ដែលអំណាយផលដល់អេកូទេសចរណ៍ធម្មជាតិ។

សូមបញ្ជាក់ថាបច្ចុប្បន្ននេះប្រទេសកម្ពុជាមានឧទ្យានបេតិកភណ្ឌអាស៊ានចំនួនពីររួមមាន ឧទ្យានជាតិវីរៈជ័យ ស្ថិតនៅខេត្តរតនគិរី និងស្ទឹងត្រែង និងឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ស្ថិតនៅខេត្តកំពតត្រូវដាក់បញ្ចូលនិង អនុម័តជាផ្លូវការនៅឆ្នាំ២០០៣។ នៅពេលដ៏ខ្លីខាងមុខ ពេលដែលតំបន់រ៉ាមសារព្រែកទាល់ ស្ថិតនៅខេត្តបាត់ដំបង ត្រូវបានអនុម័តជាផ្លូវការដោយរដ្ឋមន្រ្តីបរិស្ថានអាស៊ាននោះ ប្រទេសកម្ពុជានឹងមានតំបន់ឧទ្យានបេតិកភណ្ឌអាស៊ានចំនួនបី ដែលជាលទ្ធផលគួឱ្យមោទនភាពសម្រាប់កិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចការពានិងអភិរក្សធនធានធម្មជាតិសម្រាប់ជាតិយើង។

ក្រសួងបរិស្ថានបានឱ្យដឹងថានាពេលនេះក្រសួងកំពុងសិក្សាវាយតម្លៃសក្តានុពលនៃតំបន់ឧទ្យានជាតិជួរភ្នំក្រវាញដែលជាតំបន់សម្បូរទៅដោយជីវៈចម្រុះ ប្រភេទសត្វងាយរងគ្រោះ ជិតផុតពូជ កំពុងទទួលរងការគំរាមគំហេង និងជាជម្រកពងកូនដែលមានសក្កដានុពលក្នុងការដាក់ស្នើសុំទៅជាជាតំបន់ឧទ្យានបេតិកភណ្ឌអាស៊ាននាពេលអនាគតផងដែរ៕


ដោយ៖មករា





