ក្រុមការងារអន្តរក្រសួង ចុះត្រួតពិនិត្យនិងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន៤ខ្សែ ក្រាលកៅស៊ូ ប្រវែងសរុប ៧៤ ៨៦០ម ក្នុងខេត្តកំពត
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ កាលពីថ្ងៃចន្ទ១២ ទី១០ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំក្រុមការងារអន្តរក្រសួង រួមមានក្រុមការងារបច្ចេកទេស នៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានចុះត្រួតពិនិត្យនិងវាយតម្លៃដំណាក់កាលទី១ លើការងារថែទាំជាប្រចាំផ្លូវចំនួន៤ខ្សែ ដោយក្រាលកៅស៊ូ ប្រវែងសរុប ៧៤ ៨៦០ម ទទឹង៦ម នៅឃុំសត្វពង ឃុំដំបូកខ្ពស់ ឃុំក្រាំងស្នាយ ឃុំស្រែចែង ឃុំតាកែន ឃុំត្រពាំងរាំង និងឃុំជម្ពូវ័ន្ត ស្រុកឈូក ស្រុកអង្គរជ័យ ស្រុកជុំគីរី និងបំពាក់ផ្លាកសញ្ញាចរាចរណ៍ចំនួន៣១៥ផ្លាក លើផ្លូវចំនួន៥ខ្សែ នៅឃុំច្រេស ឃុំក្រាំងស្នាយ ឃុំស្រែចែង ឃុំជម្ពូវ័ន្ត ឃុំតាកែន និងឃុំត្រពាំងរាំង ស្រុកជុំគីរី និងស្រុកឈូក ខេត្តកំពត អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

ឯកឧត្តមបានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវទាំងនេះដោយបានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រីជូនចំពោះលោកតា លោកយាយពូមីងបងប្អូននៅទីនោះ ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានឱ្យប្រើប្រាស់បានយូរអង្វែង។

គណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សាជាមួយអ្នកទទួលការនិងអ្នកបច្ចេកទេស ដោយបានឯកភាពទទួលយកលទ្ធផលការងារដំណាក់កាលទី១តាមការស្នើសុំរបស់អ្នកទទួលការ៕

ដោយ៖ ពេជ្រ សំអឿន, (ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





