ផ្សារទំនើប AEON ចុះពិនិត្យ និងទិញខ្ញី និងស្ពៃក្ដោប របស់ប្រជាកសិករនៅកោះខ្សាច់ទន្លា
AKP កណ្តាល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--ផ្សារទំនើប AEON បានចុះពិនិត្យការដាំដុះ ដើម្បីទិញដំណាំខ្ញី និងស្ពៃក្ដោបរបស់ប្រជាកសិករនៅកោះខ្សាច់ទន្លា ស្ថិតនៅស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងប្រឈមនឹងការលិចទឹក នាររដូវទឹកឡើងខាងមុខនេះ។

ដោយទទួលបានសំណូមពររបស់ប្រជាកសិករនៅកោះខ្សាច់ទន្លា ស្ថិតនៅឃុំខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងត្រូវការទីផ្សារដំណាំខ្ញី និងស្ពៃក្ដោប នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម រួមជាមួយមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានអញ្ជើញផ្សារទំនើប អ៊ីអន (AEON) ចុះពិនិត្យមើលការដាំដុះខ្ញី និងស្ពៃក្ដោប ដែលកំពុងប្រឈមការជន់លិចដោយរដូវទឹកឡើងខាងមុខនេះ ដែលតម្រូវឱ្យប្រជាកសិករធ្វើការដកខ្ញី និងកាត់ស្ពៃក្ដោប ឱ្យបានមុនទឹកឡើងមកដល់។
ក្នុងឱកាសចុះពិនិត្យនេះដែរ លោក អោម ប៊ុនធឿន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្ដាល បានជម្រាបជូនពីសក្ដានុពលសំខាន់ៗរបស់ប្រជាកសិករ ដែលអាចផលិតនៅបន្លែ ដំណាំហូបផ្លែផ្សេងៗ ជូនទៅដល់ផ្សារទំនើប អ៊ីអន (AEON) ឱ្យបានដឹងពីសក្ដានុពល និងជាឱកាសសម្រាប់ទំនាក់ទំនងរវាងប្រជាកសិករ និងអ្នកទិញ ដើម្បីឱ្យពួកគាត់សហការគ្នាក្នុងការប្រមូលនូវផលិតផលរបស់ប្រជាកសិករក្នុងកោះខ្សាច់ទន្លា ដើម្បីធ្វើការលក់ទៅដល់ទីផ្សារ ដែលផលិតផលទាំងនោះសុទ្ធសឹងជាផលិតផលដែលមានសុវត្ថិភាព គុណភាព និងមិនធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកបរិភោគឡើយ។

ក្រោយពីចុះពិនិត្យការដាំខ្ញី និងស្ពៃក្ដោបរួចមក តំណាងផ្សារទំនើប អ៊ីអន (AEON) បានឯកភាពទិញខ្ញី ដែលបម្រុងនឹងលិចទឹកទាំងអស់ និងស្ពៃក្ដោប មួយចំនួនទៀតក្នុងតម្លៃសមរម្យ បន្ថែមពីនោះភាគី ផ្សារទំនើប អ៊ីអន (AEON) បានលើកឡើងពីតម្រូវការដែលផ្សារត្រូវការ រួមមានដំណាំ ប៉េងប៉ោះ ល្ហុងផ្អែម និងដំណាំផ្សេងៗទៀត ហើយនឹងធ្វើការជាមួយដៃគូដើម្បីសហការជាមួយសមាគមន៍ដាំដុះ ក្នុងការចរចាតម្លៃ ទិញលក់ និងធ្វើកិច្ចសន្យាទិញលក់ នឹងធ្វើផែនការណ៍ដាំដុះតាមរយៈការដំាដុះតាមតម្រូវការទីផ្សារ និងតាមផែនការដាំដុះរបស់ផ្សារទំនើប អ៊ីអន (AEON) ។
ជាមួយគ្នានេះដែរលោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការអបអរសាទរចំពោះប្រជាកសិករនៅកោះខ្សាច់ទន្លា និងថ្លែងអំណរគុណដល់ផ្សារទំនើប អ៊ីអន (AEON) ដែលបានឯកភាពទិញខ្ញី របស់ប្រជាកសិករដែលបម្រុងនឹងលិចទឹកទាំងអស់ ព្រមទាំងស្ពៃក្ដោបមួយចំនួនទៀតក្នុងតម្លៃសមរម្យផងដែរ។ បន្ថែមពីនោះលោកជំទាវរដ្ឋលេខាធិការ ក៏បានសំណូមពរដល់ប្រជាកសិករ នៅពេលឈានដល់ធ្វើកិច្ចសន្យាជាមួយផ្សារទំនើបរួចហើយ ត្រូវរក្សាឱ្យបាននូវការផលិតប្រកបដោយគុណភាព សុវត្ថិភាព ពិសេសរក្សាបានភាពស្មោះត្រង់ជាមួយគ្នាទៅវិញទៅមក ដើម្បីឱ្យយើងមាននិរន្តរភាពក្នុងការទិញលក់ និងផលិតនៅក្នុងតំបន់នេះឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពរបស់បងប្អូនបន្ថែមទៀត ព្រមទាំងឈានដល់ការកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស ជំនួសឱ្យការផលិតក្នុងស្រុកកាន់តែកើនឡើងបន្ថែមទៀត៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





