ឯកឧត្ដម គួច ចំរើន សួរសុខទុក្ខវីរកងទ័ពជួរមុខនៅព្រៃចាន់ កំពុងសម្រាកព្យាបាល ជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកជ័យជំនះ
AKP កណ្តាល ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--នៅល្ងាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញចុះសួរសុខទុក វីរកងទ័ពជួរមុខនៅព្រៃចាន់ ពលទោ ចេង កុសល ពលទាហាន កងការពារព្រំដែនលេខ ៥០៣កងឯកភាព យោធភូមិភាគទី៥ កំពុងសម្រាកព្យាបាល ជំងឺគ្រុនឈាម នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្តាល ព្រមទាំងបាននាំយក និងថវិកាមួយចំនួនប្រគល់ជូនផងដែរ។

មានប្រសាសន៍ក្នុងឱកាសនេះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំមកនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា រួមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនដល់វីរៈកងទ័ពដែលកំពុងសម្រាកព្យាបាល ជំងឺគ្រុនឈាមនេះ ឱ្យឆាប់បានជាសះស្បេីយ និងឆាប់មានសុខភាពល្អឡេីងវិញ។

ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានលើកឡើងទៀតថា ប្រមុខថ្នាក់ដឹកនាំយើង គឺតែងតែនៅកៀកកិត និងតែងណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់តាមដាន ពិនិត្យមើលពីជីវភាពការរស់នៅក៏ដូចជា សុខទុក្ខប្រជាពលរដ្ឋដោយមិនឱ្យពួកគាត់នៅកណ្ដោចកណ្ដែង និងខ្វះការយកចិត្តទុកដាក់ពីអាជ្ញាធររបស់យើងឡើយ ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





