អង្គការ FAO ផ្តល់កុំព្យូទ័រ ៤៣ គ្រឿងដើម្បីពង្រីកបច្ចេកវិទ្យាឌីជីថលដល់កសិករដាំស្រូវសរីរាង្គនៅខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦--បណ្តុំកសិករនៅក្នុង ខេត្តព្រះវិហារកំពុងទទួលបានឧបករណ៍កាន់តែប្រសើរ និងផែនការច្បាស់លាស់សម្រាប់រដូវកាលផលិតកម្មខាងមុខ។ ពិធីប្រគល់នេះមានការចូលរួមពីឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងថ្នាក់ជាតិ PEARL លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងបណ្តុំកសិករចំនួន ៤៣ បានទទួលកុំព្យូទ័រយួរដៃចំនួន ៤៣គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន ៤៣គ្រឿង ដើម្បីគាំទ្រដល់កិច្ចការរដ្ឋបាល ការគ្រប់គ្រងហិរញ្ញវត្ថុ ការរាយការណ៍ និងការទំនាក់ទំនងរបស់ពួកគេ។

ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះក៏បានបង្ហាញ និងពិភាក្សាអំពី «ផែនទីបង្ហាញផ្លូវសម្រាប់ខ្សែច្រវាក់តម្លៃស្រូវសរីរាង្គថ្នាក់ខេត្ត» ដែលកំណត់នូវសកម្មភាពនានាដើម្បីជួយកសិករឈានទៅរកទីផ្សារដែលមានតម្លៃខ្ពស់។ កសិករ អាជ្ញាធរមូលដ្ឋាន ស្ថាប័នហិរញ្ញវត្ថុ និងតំណាងវិស័យឯកជន បានផ្តល់មតិយោបល់ និងសំណូមពរនានា ដើម្បីធ្វើឱ្យផែនទីបង្ហាញផ្លូវនេះមានលក្ខណៈជាក់ស្តែង និងមានប្រយោជន៍សម្រាប់រដូវកាលខាងមុខ។

ខេត្តព្រះវិហារ មានកសិករដាំស្រូវសរីរាង្គប្រមាណ ៤ ៣០០ នាក់ ដែលដាំដុះលើផ្ទៃដីប្រហែល ១៤ ០០០ហិកតា និងផលិតបានរហូតដល់ ៣២ ០០០តោនក្នុងមួយឆ្នាំ។ ផែនទីបង្ហាញផ្លូវនេះនឹងជួយតភ្ជាប់កសិករទៅនឹងសេវាកម្ម ការវិនិយោគ និងឱកាសទីផ្សារដែលពួកគេត្រូវការ ដើម្បីកែលម្អផលិតកម្ម និងបង្កើនប្រាក់ចំណូល។

លោកស្រី Rebekah Bell តំណាងអង្គការ FAO បានឱ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ថា ការគាំទ្រនេះគឺជាផ្នែកមួយនៃគម្រោង PEARL ដែលផ្តល់មូលនិធិដោយ GCF និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការ FAO ដោយជួយកសិករខ្នាតតូចក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនលទ្ធភាពទទួលបានទីផ្សារ និងសេវាកម្មកាន់តែប្រសើរ ៕

ដោយ៖ ណយ នឿន (ប្រភព៖FAO)





