អបអរសាទរ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីទៅកាន់ប្រទេសអង់គ្លេសជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងទៅកាន់ប្រទេសអង់គ្លេសតាមរយៈក្រុមហ៊ុនហ៊ែនក្រាហ្វធីត ឃែស៊ូ ណាត់ ស្ទឹងត្រែង បន្ទាប់ពីទទួលបានការគាំទ្របច្ចេកទេសពីរដ្ឋាភិបាលអង់គ្លេស។ យោងតាមក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះបានឲ្យដឹងថា កសិផលគ្រាប់ស្វាយចន្ទីកម្ពុជាបានសាងប្រវត្តិសាស្ត្រថ្មីមួយ ដោយក្រុមហ៊ុនអេចស៊ីអេសធី អ៉ិនវេសម៉ិន ឯ.ក (HCST) នឹងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់ខ្លួនដោយផ្ទាល់ជាលើកដំបូង ទៅកាន់ក្រុមហ៊ុន Whitworths នៃរាជាណាចក្ររួមនៃព្រីតថេន (អតីតចក្រភពអង់គ្លេស)។ ប្រភពដដែលនេះបានបញ្ជាក់ថា ភាពជោគជ័យនៃការបើកច្រកទីផ្សារដ៏មានសក្តានុពលនេះ គឺកើតចេញពីកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាង HCST និង Whitworths ដែលជាក្រុមហ៊ុនវ័យចំណាស់ និងឈានមុខគេប្រចាំចក្រភពអង់គ្លេស ផ្នែកកែច្នៃនិងផ្គត់ផ្គង់ផ្លែឈើក្រៀម និងគ្រាប់ធញ្ញជាតិ (Dried fruits, nuts, and seeds)។ តាមរយៈភាពជាដៃគូនេះ ក្រុមហ៊ុន Whitworths បានជួយលើកកម្ពស់ស្តង់ដារផលិតកម្ម និងបច្ចេកទេសកែច្នៃរបស់ HCST ឱ្យឆ្លើយតបយ៉ាងម៉ឺងម៉ាត់ទៅនឹងលក្ខខណ្ឌតម្រូវ និងស្តង់ដារគុណភាពអន្តរជាតិ ដើម្បីធានាបាននូវទំនុកចិត្តខ្ពស់លើទីផ្សារ។
ប្រភពដដែលបានបន្តថា សមិទ្ធផលដ៏សំខាន់នេះ បង្ហាញពីសក្តានុពលនៃវិស័យគ្រាប់ស្វាយចន្ទីកម្ពុជា ក្នុងការជំរុញការនាំចេញផលិតផលកែច្នៃដែលមានតម្លៃបន្ថែមខ្ពស់ និងអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិដែលមានស្តង់ដារខ្ពស់។ បន្ថែមពីនេះ វាក៏បានរំលេចអំពីសារៈសំខាន់នៃការសម្របសម្រួលជាប្រចាំពីរាជរដ្ឋាភិបាល ភាពជាដៃគូជាមួយវិស័យឯកជន និងការគាំទ្រផ្នែកបច្ចេកទេស ក្នុងការភ្ជាប់ទំនាក់ទំនងរវាងបណ្ដាក្រុមហ៊ុនកម្ពុជា ជាមួយអ្នកទិញនៅលើឆាកអន្តរជាតិ។ ក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមការងារជំរុញការនាំចេញ ប្តេជ្ញាបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាចរន្តនៃការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ចក្រភពអង់គ្លេស ព្រមទាំងទីផ្សារអន្តរជាតិផ្សេងៗទៀត នឹងបន្តប្រព្រឹត្តទៅដោយរលូន មានស្ថិរភាព និងប្រកបដោយចីរភាពយូរអង្វែង។


គួរបញ្ជាក់ដែរថា ដំណើរការឈានទៅរកការនាំចេញនេះ ទទួលបានការគាំទ្របច្ចេកទេសយ៉ាងពេញទំហឹងពីរដ្ឋាភិបាលអង់គ្លេស (តាមរយៈស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងកម្មវិធី UKTP) ព្រមទាំងសហភាពអឺរ៉ុប និងអាល្លឺម៉ង់ (តាមរយៈគម្រោង Export Lab - EU German GATE) ក្នុងគោលបំណងលើកកម្ពស់សមត្ថភាពសហគ្រាសក្នុងស្រុកឱ្យអាចប្រកួតប្រជែងលើឆាកអន្តរជាតិបាន៕
ដោយ ស្រីពេជ្រ





