គណៈបញ្ជាការឯកភាពខេត្តកណ្តាល បង្ក្រាបបទល្មើស Online Scams មួយកន្លែងនៅក្រុងសំពៅពូនឃាត់ខ្លួនមនុស្ស ៦៨នាក់
AKP កណ្តាល ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--គណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានឱ្យដឹងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះថា កម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន និងកម្លាំងវរការពារព្រំដែនគោកលេខ៦០៥ បានចុះធ្វើរដ្ឋបាល ដោយអនុវត្តតាមអនុក្រឹត្យ លេខ០៣ របស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពតាម ទីតាំងរស់នៅប្រមូលផ្ដុំបានចុះធ្វើការត្រួតពិនិត្យនៅចំណុចអគារជួល SSLN ស្ថិតនៅភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល មាន០៤ ជាន់ ស្មើ ១៤០បន្ទប់ ដោយបានធ្វើការឃាត់ខ្លួនមនុស្សសរុបចំនួន ៦៨នាក់ ក្នុងនោះ ជនបរទេស ៦៧នាក់ ព្រមទាំងដកហូតវត្ថុតាងរួមមាន កុំព្យូទ័រ ទូរស័ព្ទដៃ និងសម្ភារៈមួយចំនួនផងដែរ។


បន្ទាប់ពីធ្វើការឃាត់ខ្លួន និងដកហូតសម្ភារៈរួចមក ក្រុមការងារត្រួតពិនិត្យលើឧបករណ៍អេឡិចត្រូនិច បានរកឃើញពីសញ្ញានៃសកម្មភាព Online Scams តាមគេហទំព័រចំនួន ០៦ ដែលបានចាប់ផ្ដើមដំណើរការតាំពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយប្រើប្រាស់ Telegram និងWhatsApp ជាមធ្យោបាយទំនាក់ទំនង និងផ្សព្វផ្សាយ។
ចំពោះមនុស្សទាំង ៦៨នាក់ រួមជាមួយវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីអនុវត្តតាមច្បាប់ ចំពោះទីតាំងអគារជួល SSLN បានធ្វើការបិទសៀលតាមនីតិវិធីច្បាប់ ៕


ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





