សម្តេចនាយករដ្ឋមន្ត្រីអរគុណពលរដ្ឋដែលបានជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
AKP ស្ទឹងត្រែង ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងអំណរគុណចំពោះពលរដ្ឋដែលបានជឿទុកចិត្តមកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោដឹកនាំ និងប្រទេសកសាងតាំងពីឆ្នាំ១៩៧៩ រហូតដល់ចុងអាណត្តិទី៦ ហើយនៅបន្តដឹកនាំលើការងារជាច្រើនទៀត។ ការថ្លែងអំណរគុណរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីចំពោះពលរដ្ឋយ៉ាងដូច្នេះធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានាក្នុងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃពុធទី១២ ខែសីហា ឆ្នាំ២០២៦នេះ។

សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីមានប្រសាសន៍ថា ឈរលើមាគ៌ាដែលយើងបានបញ្ចប់សង្គ្រាមរ៉ាំរ៉ៃ ក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញនៅទូទាំងប្រទេសចាប់ពីចុងឆ្នាំ១៩៩៨មក សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រជាពលរដ្ឋដាក់ក្តីស្រមៃ និងរៀបចំអនាគតរបស់ខ្លួន ហើយបានបើកទ្វារឱ្យខេត្តស្ទឹងត្រែង ដែលធ្លាប់ជាតំបន់រងគ្រោះដោយសារ
សង្គ្រាមប្រែក្លាយជាតំបន់ប្រកបដោយស្ថិរភាព សុវត្ថិភាព និងឱកាសសម្រាប់ការអភិវឌ្ឍ តាមរយៈការស្តារ និងកសាងមូលធនមនុស្ស ការដាំដុះ និងការបង្កបង្កើនផល ការទាក់ទាញវិនិយោគទាំងក្នុងស្រុក និងពីបរទេស និងការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងរូបវន្ត និងមិនមែនរូបវន្ត។

សម្តេចបានបន្ថែមមថា ជាមួយសន្តិភាពពេញលេញ និងការធានាបាននូវសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស រាជរដ្ឋាភិបាលតែងតែចាត់ទុកភូមិភាគឦសាន រួមមាន ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះជាទិសដៅអាទិភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងភូមិភាគឦសាន និងតំបន់កណ្តាលប្រទេស។ ជាក់ស្តែរាជរដ្ឋាភិបាលបានខិតខំអភិវឌ្ឍមូលធន តាមរយៈការកែលម្អសេវាសាធារណៈ ជាពិសេសសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បានប្រឹងប្រែងពង្រីកការតភ្ជាប់ភូមិភាគឦសានជាមួយរាជធានីភ្នំពេញ តាមបណ្តាខេត្តជុំវិញ និងប្រទេសជិតខាង តាមរយៈការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាពិសេសផ្លូវជាតិ ស្ពាន និងបានពុះពារអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់វិស័យកសិកម្ម កសិ-ឧស្សាហកម្ម ទេសចរណ៍ធម្មជាតិ និងពាណិជ្ជកម្មឆ្លងដែន ការទាក់ទាញវិនិយោគ តាមរយៈការតភ្ជាប់បណ្តាញផ្គត់ផ្គង់អគ្គិសនី ទឹកស្អាត និងទូរគមនាគមន៍ជាដើម៕

ដោយ៖ ចាន់ សុភឿន, រូបថត៖ គល់ រ៉េននី





