អង្គការ UNDP និងអាជ្ញាធរមីនកម្ពុជា រៀបចំកិច្ចប្រជុំគម្រោងបោសសម្អាតមីនដំណាក់កាលទី៥
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--អាជ្ញាធរមីនកម្ពុជា និងយូអិនឌីភី (UNDP) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោង បោសសម្អាតមីនដើម្បីលទ្ឋផលដំណាក់កាលទី៥ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៦ ដោយមានការចូលរួមពីតំណាងដៃគូររួមមានអូស្ត្រាលី អ៊ីតាលី លុចសំបួ នូវែលសេឡង់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិជនពិការ ។

ក្រុមប្រឹក្សាភិបាល បានពិនិត្យវឌ្ឍនភាព និងសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេលកន្លះឆ្នាំកន្លងមក និងអនុម័តផែនការការងារសម្រាប់រយៈពេលកន្លះឆ្នាំខាងមុខ ដោយផ្តោតលើការបោសសម្អាតមីន ការជួយជនរងគ្រោះ ការផ្តល់សេវាស្តារលទ្ធភាពពលកម្ម ការគាំទ្រជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារមីន និងការពង្រឹងសមត្ថភាពថ្នាក់ជាតិ។
ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១នៃអាជ្ញាធរកម្ពុជាទទួលបន្ទុកកិច្ចការមីន និងជួយជនរងគ្រោះដោយសារមីន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តភាពជាដៃគូ និងការប្តេជ្ញាចិត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាគ្មានមីន។

«វឌ្ឍនភាពដែលសម្រេចបានក្រោមគម្រោងបោសសម្អាតមីនដើម្បីលទ្ឋផល ដំណាក់កាលទី៥ បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍របស់យើង។ យើងនឹងបន្តរួមគ្នាពន្លឿនការបោសសម្អាតមីន គាំទ្រសហគមន៍ដែលរងផលប៉ះពាល់ និងលើកកម្ពស់ជីវភាព និងការរស់នៅរបស់ប្រជាជនកម្ពុជា ឆ្ពោះទៅរកកម្ពុជាគ្មានមីន»។

អង្គការ UNDP បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរមីនកម្ពុជា មូលនិធិជនពិការ និងដៃគូរួមមាន ប្រទេសអូស្ត្រាលី អ៊ីតាលី លុចសំបួ នូវែលសេឡង់ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ការគាំទ្រផ្នែកហិរញ្ញវត្ថុ ៕
ដោយ ណយ នឿន (ប្រភព៖UNDP)





