គម្រោង PEARL រៀបចំសិក្ខាសាលាស្តីពីផែនទីបង្ហាញផ្លូវសម្រាប់កែសម្រួលខ្សែច្រវាក់តម្លៃកសិផល
AKP ភ្នំពេញ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--គម្រោង PEARL របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ FAO នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២៦ បានរៀបចំសិក្ខាសាលាស្តីពីផែនទីបង្ហាញផ្លូវសម្រាប់កែសម្រួលខ្សែច្រវាក់តម្លៃកសិផលរបស់កសិករ នៅខេត្តកំពង់ធំ ព្រទាំង ប្រគល់កុំព្យូទ័រយួរដៃចំនួន ៤០ គ្រឿង និងម៉ាស៊ីនបោះពុម្ពចំនួន ៤០ គ្រឿង ជូនដល់អង្គការកសិករ និងសហគមន៍នានានៅ ខេត្តកំពង់ធំ ដែលជាផ្នែកមួយនៃការចែកចាយឧបករណ៍សរុបចំនួន ១២៤ ឈុតនៅទូទាំងខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ និងសៀមរាប ដើម្បីការកាត់បន្ថយគម្លាតឌីជីថលសម្រាប់កសិករ ។ឧបករណ៍ទាំងនេះនឹងជួយដល់សហករណ៍កសិកម្ម (ACs) សហគមន៍កសិកម្មទំនើប (MACs) តំបន់ការពារសហគមន៍ (CPAs) និងសហគមន៍ព្រៃឈើ (CFs) ចំនួន ១២៤ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ និងរដ្ឋបាល ការរៀបចំរបាយការណ៍ ការទំនាក់ទំនងជាមួយអ្នកទិញ និងការទទួលបានព័ត៌មានអំពីអាកាសធាតុ និងសេវាកម្មតាមអ៊ីនធឺណិត ។

ឯកឧត្តម បណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងថ្នាក់ជាតិរបស់ PEARL បានមានប្រសាសន៍ថា គម្រោងនេះជួយកសិករខ្នាតតូចក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងលើកកម្ពស់ផលិតកម្ម ជីវភាពរស់នៅ និងលទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរ។

លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា បានមានប្រសាសន៍ថា «ឧបករណ៍ទាំងនេះនឹងជួយកាត់បន្ថយគម្លាតឌីជីថល ព្រមទាំងអនុញ្ញាតឱ្យកសិករ និងអង្គការរបស់ពួកគេធ្វើការសម្រេចចិត្តដោយផ្អែកលើព័ត៌មានច្បាស់លាស់ និងកសាងជីវភាពរស់នៅដែលមានភាពធន់រឹងមាំជាងមុន»។
សម្រាប់លោក ម៉ៅ សារ៉ន ប្រធានសហករណ៍កសិកម្មភ្នំសន្ទុក អត្ថប្រយោជន៍ដែលទទួលបានគឺមានលក្ខណៈជាក់ស្តែង «ការមានកុំព្យូទ័រយួរដៃ និងម៉ាស៊ីនបោះពុម្ពនឹងធ្វើឱ្យការងាររដ្ឋបាល និងការគ្រប់គ្រងហិរញ្ញវត្ថុរបស់យើងកាន់តែងាយស្រួល ។ យើងអាចរៀបចំកំណត់ត្រាហិរញ្ញវត្ថុរបស់សមាជិកបានកាន់តែត្រឹមត្រូវ ទទួលបានបច្ចេកវិទ្យាកសិកម្មថ្មីៗ និងចូលរួមការបណ្តុះបណ្តាលតាមអ៊ីនធឺណិត»។

ការគាំទ្រផ្នែកឌីជីថលនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់គម្រោង PEARL ដើម្បីជួយកសិករក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទទួលបានទីផ្សារដែលមានតម្លៃខ្ពស់ និងការពារធនធានធម្មជាតិ។ គម្រោងនេះគាំទ្រស្ថានីយឧតុនិយមកសិកម្មចំនួន ២០ បានជួយចុះបញ្ជីគ្រាប់ស្វាយចន្ទី ខេត្តកំពង់ធំ និងស្វាយ ខេត្តឧត្តរមានជ័យ ជាផលិតផលដែលមានសូចនាករភូមិសាស្ត្រ និងមានគោលដៅស្តារ និងការពារតំបន់ព្រៃឈើដែលជាប្រភពទឹកដ៏សំខាន់ទំហំ ៧ ៦០០ ហិកតា។ គម្រោង PEARL ដែលទទួលបានការផ្តល់មូលនិធិពីមូលនិធិអាកាសធាតុបៃតង (GCF) និងអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអង្គការ FAO ត្រូវបានរំពឹងថានឹងផ្តល់ការគាំទ្រដោយផ្ទាល់ដល់ប្រជាជនប្រមាណ ៤៥០ ០០០នាក់ រួមទាំងគ្រួសារកសិករប្រហែល ១០០ ០០០គ្រួសារ នៅត្រឹមឆ្នាំ២០២៩ ៕

ដោយ ណយ នឿន (ប្រភព៖FAO)





