ដំណើរការប្រឡងបាក់ឌុបឆ្នាំ២០២៦ នៅខេត្តបន្ទាយមានជ័យ បញ្ចប់ទៅដោយជោគជ័យ និងមានរបៀបរៀបរយខ្ពស់ ខណៈសន្លឹកកិច្ចការត្រូវបន្តដឹកជញ្ជូនមកកាន់រាជធានីភ្នំពេញ
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦--ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡងឆ្នាំ២០២៦ រយៈពេល ២ថ្ងៃ បានបញ្ចប់ទៅដោយជោគជ័យ ស្ថិតក្រោមបរិយាកាសស្ងប់ស្ងាត់ មានសណ្ដាប់ធ្នាប់ និងរបៀបរៀបរយល្អប្រសើរ គ្មានបាតុភូតមិនប្រក្រតីណាមួយកើតឡើងឡើយនៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ឆ្លៀតក្នុងឱកាសបញ្ចប់ដំណើរការសំណេរនេះ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះគណៈកម្មាធិការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ខេត្ត
ក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ(ACU) សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) កងកម្លាំងនគរបាល និងកងរាជអាវុធហត្ថ លោកគ្រូ អ្នកគ្រូ និងក្រុមគ្រូពេទ្យជំនាញ ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់។

ឯកឧត្ដមអភិបាលខេត្តបានគូសបញ្ជាក់ថា កងកម្លាំង និងសមាសភាពពាក់ព័ន្ធទាំងអស់ បានលះបង់ទាំងកម្លាំងកាយ ចិត្ត និងស្មារតី ក្នុងការបំពេញភារកិច្ចយ៉ាងសកម្ម ដើម្បីបង្កលក្ខណៈងាយស្រួល ធានាសុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់បេក្ខជនប្រឡងទាំងអស់ពេញ ២ថ្ងៃនេះ។
ទន្ទឹមនឹងនេះ ឯកឧត្ដម អ៊ុំ រាត្រី ក៏បានផ្ញើសារជូនពរដល់ប្អូនៗបេក្ខជនទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការប្រឡង និងធ្វើដំណើរវិលត្រឡប់ទៅកាន់គេហដ្ឋាន ភូមិ-ឃុំ វិញដោយសុវត្ថិភាពគ្រប់ៗគ្នា។

យោងតាមការបញ្ជាក់របស់ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការប្រឡងបាក់ឌុបឆ្នាំ២០២៦ ក្នុងខេត្តបន្ទាយមានជ័យ មាន មណ្ឌលប្រឡង៨ មណ្ឌល (ស្មើនឹង ២៦១ បន្ទប់) -បេក្ខជនចុះឈ្មោះសរុប ៦,៥០២នាក់ ស្រី៣,៧០៧ នាក់ -បេក្ខជនចំណេះទូទៅ ៥,៨៨៧នាក់ ស្រី ៣,៤៥១នាក់ -បេក្ខជនស្វ័យរិន ៤២៧នាក់ ស្រី២០៤ នាក់ និងបេក្ខជនបំពេញវិជ្ជា ១៨៨នាក់ ស្រី៥២នាក់។ ទោះបីជាដំណើរការប្រឡងបានប្រព្រឹត្តទៅក្រោមការយកចិត្តទុកដាក់ខ្ពស់យ៉ាងណាក៏ដោយ ក៏ពិនិត្យឃើញមានបេក្ខជនមួយចំនួនតូចបានជួបប្រទះបញ្ហាសុខភាព និងមានអវត្តមានក្នុងអំឡុងពេលប្រឡងផងដែរ។
តាំងពីព្រឹកព្រហាមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ គណៈមេប្រយោគទូទាំងប្រទេសប្រចាំរាជធានី-ខេត្ត និងអប្បមាទ បានចាប់ផ្តើមរៀបចំដឹកជញ្ជូនសន្លឹកកិច្ចការរបស់បេក្ខជន ព្រមទាំងសំណុំឯកសារពាក់ព័ន្ធទាំងអស់ ពីតាមបណ្តាខេត្តនានា ឆ្ពោះមកកាន់មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិក្នុងរាជធានីភ្នំពេញ។ ដំណើរការដឹកជញ្ជូននេះ ត្រូវបានធ្វើឡើងយ៉ាងម៉ត់ចត់បំផុត ក្រោមការត្រួតពិនិត្យ និងសង្កេតការណ៍ពីអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងមានការការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងពីកងកម្លាំងប្រដាប់អាវុធ។

ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យក ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីប្រកាសលទ្ធផលប្រឡងជាផ្លូវការ នៅតាមមណ្ឌលប្រឡងក្នុងរាជធានី-ខេត្តទាំង ២៥ ទូទាំងប្រទេស ព្រមទាំងមានការផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕
ដោយ ឈុន សារ៉ាត





