រដ្ឋមន្ត្រីក្រសួងការងារលើកទឹកចិត្តនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន ឱ្យខិតខំក្រេបយកចំណេះដឹងក្លាយជាមូលធនមនុស្សដ៏មានតម្លៃ ដើម្បីចូលរួមជំរុញការអភិវឌ្ឍនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃ១១ ខែសីហា ឆ្នាំ២០២៦---
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទទួលជួបសំណេះសំ ណាល និងផ្តល់អនុសាសន៍ណែនាំដល់និស្សិតជ័យ លាភីអាហារូបករណ៍ពីកម្មវិធីអភិវឌ្ឍន៍ធនធានមនុស្សរបស់ប្រទេសជប៉ុន ឆ្នាំ២០២៥ (JDS-2025) សរុបចំនួន ២១នាក់ (ស្រី ៩នាក់) នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដើម្បីជាការតម្រង់ទិស និងពង្រឹងស្មារតីក្នុងការត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អ មុននឹងចេញទៅសិក្សានៅប្រទេសជប៉ុនកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្នុងខែសីហា ឆ្នាំ២០២៦ នេះ។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរដល់និស្សិតទាំងអស់ដែលទទួលបានអាហារូបករណ៍ដ៏សំខាន់នេះ ដែលជាមោទនភាព និងជាកិត្តិយសដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់ខ្លួន និងការអភិវឌ្ឍខ្លួនរបស់ប្អូនៗ គួបផ្សំនឹងការអភិវឌ្ឍវិស័យអប់រំ សេដ្ឋកិច្ច-សង្គមនៅកម្ពុជា និងចំណងមិត្តភាពដ៏ល្អរវាងប្រទេសទាំងពីរ។ ជំនួបនេះក៏ជាការភ្ជាប់ទំនាក់ទំនងដ៏ល្អជាមួយថ្នាក់ដឹកនាំក្រសួងក្នុងនាមជារៀមច្បងដែលបានបញ្ចប់ការសិក្សានៅជប៉ុនផងដែរ។
ទន្ទឹមនេះ ឯកឧត្តមមានប្រសាសន៍ថា មុខវិជ្ជាសិក្សាទាំងអស់គឺសុទ្ធសឹងតែមានសារៈសំខាន់សម្រាប់តម្រូវការទីផ្សារ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ក៏ដូចជាអាចរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាពការងារដល់អង្គភាពខ្លួន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យប្អូនៗប្រើប្រាស់ឱកាសដ៏មានតម្លៃនេះឱ្យអស់លទ្ធភាពក្នុងការខិតខំសិក្សា កសាងទំនាក់ទំនងល្អជាមួយគ្រូ មិត្តរួមថ្នាក់ អភិវឌ្ឍសមត្ថភាព និងបង្កើតបណ្ដាញទំនាក់ទំនងគ្រប់ជាតិសាសន៍ដើម្បីពង្រីកចំណេះដឹង បទពិសោធ និងកិច្ចសហប្រតិបត្តិការអន្តរជាតិនាពេលអនាគត។ លើសពីនេះ ក៏ត្រូវប្រកាន់ខ្ជាប់ឥរិយាបថល្អ ដោយបង្ហាញពីភាពស្មោះត្រង់ ឧស្សាហ៍ព្យាយាម ភាពទន់ភ្លន់ និងលើកស្ទួយវប្បធម៌ដ៏ល្អរបស់ខ្មែរបង្ហាញដល់និស្សិតបរទេស គោរពស្រលាញ់គ្នា និងបង្កើនសាមគ្គីគ្នាដែលរួមទាំងសមាគមនិស្សិតខ្មែរនៅជប៉ុនក្នុងនាមជាកូនខ្មែរនៅក្រៅប្រទេសផងដែរ។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់នឹងពិតជាទទួលបានជោគជ័យក្នុងការសិក្សាដោយក្រេបយកចំណេះដឹង និងបទពិសោធថ្មីល្អៗពីប្រទេសជប៉ុន ហើយវិលត្រឡប់មកបម្រើមាតុប្រទេសវិញ ក្នុងនាមជាធនធានមនុស្សប្រកបដោយសមត្ថភាព គុណភាព គុណវុឌ្ឍិ និងនវានុវត្តន៍ ដើម្បីរួមចំណែកជំរុញដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត៕
ដោយ៖ ប៊ុន រិទ្ធ, ប្រភព៖ ក្រសួងការងារ





