ប្លង់ថតរូបជាប់កំពូលប្រាសាទអង្គរវត្តទាំង៥ កំពុងទាក់ទាញភ្ញៀវទេសចរយ៉ាងខ្លាំងនារដូវកាលបៃតង
AKP សៀមរាប ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦-- នាឱកាសរដូវកាលបៃតង (Green Season) នេះ តំបន់រមណីយដ្ឋានអង្គរបាន និងកំពុងបង្ហាញសម្រស់យ៉ាងស្រស់បំពង ដែលទាក់ទាញចិត្តភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករឱ្យមកទស្សនា និងថតរូបអនុស្សាវរីយ៍ជាហូរហែ ក្នុងនោះ ប្លង់ថតរូបដែលទទួលបានការពេញនិយម និងទាក់ទាញខ្លាំងបំផុតនោះ គឺប្លង់ថតមើលឃើញកំពូលប្រាសាទអង្គរវត្តទាំង៥ រៀបជាជួរគ្នាពីខាងមុខ ដែលអមដោយទេសភាពព្រៃឈើខៀវស្រងាត់ និងផ្ទៃមេឃស្រឡះល្អ អមដោយទឹកកសិន្ធុ។

រដូវវស្សា ឬរដូវកាលបៃតងនៅកម្ពុជា បានផ្លាស់ប្តូរទិដ្ឋភាពជុំវិញប្រាសាទបុរាណឱ្យកាន់តែមានភាពរស់រវើក ដោយមានស្មៅខៀវខ្ចី ដើមឈើលូតលាស់បៃតង និងទឹកស្រះត្រពាំងជុំវិញប្រាសាទមានទឹកពេញប្រៀប ដែលបង្កើតបានជារូបភាពឆ្លុះបញ្ចាំងយ៉ាងល្អប្រណិតនៃកំពូលប្រាសាទអង្គរវត្តទាំង៥ លើផ្ទៃទឹក។

ទេសចរដែលបានមកដល់ទីនេះ តែងតែមិនរំលងការផ្តិតយករូបភាពអស្ចារ្យ និងស្ថាបត្យកម្មដ៏កំពូលនៃដូនតាខ្មែរ។ ក្រៅពីការថតរូបលេងកម្សាន្ត ភ្ញៀវទេសចរជាច្រើនក៏បានសម្តែងនូវក្តីរំភើបចិត្តចំពោះបរិយាកាសស្រស់ស្រាយ ខ្យល់អាកាសបរិសុទ្ធ និងភាពស្ងប់ស្ងាត់នៃធម្មជាតិនារដូវនេះផងដែរ៕

ដោយ ឃុត សៅ





