ពិធីសម្ពោធបន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តជូនជនភៀសសឹកនៅភូមិរង់ចាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦-- ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការនូវ «បន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តដល់ជនភៀសសឹក» ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ស្ថិតនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកជំទាវ ខូវ សាង អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម.ន) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គីម វីរៈ អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម.ន និងដោយមានការអញ្ជើញចូលរួមពីលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីរាជការ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកជំទាវ ខូវ សាង អគ្គលេខាធិការរង គ.ជ.គ.ម.ន បានពាំនាំនូវការសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំកំពូល និងបានគូសបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹក។
លោកជំទាវបានលើកឡើងថា ការបាត់បង់ជម្រក ឬការផ្លាស់ប្តូរទីកន្លែងរស់នៅដោយសារសង្គ្រាមឈ្លានពានរបស់ភាគីថៃមកលើដែនបូរណភាពទឹកដីកម្ពុជា ឬវិបត្តិផ្សេងៗ មិនត្រឹមតែបង្កើតជាផលប៉ះពាល់ផ្នែកសម្ភារៈ និងជីវភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវវិបត្តិផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរដល់ជនរងគ្រោះទៀតផង។ បន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តដែលត្រូវបានសម្ពោធនាពេលនេះ គឺជាសាក្សីស្ដែងពីការគិតគូរគ្រប់ជ្រុងជ្រោយរបស់រាជរដ្ឋាភិបាល ក្នុងការស្តារ និងព្យាបាលវិបត្តិផ្លូវចិត្ត ដើម្បីឱ្យបងប្អូនមានកម្លាំងចិត្ត និងភាពរឹងមាំឡើងវិញក្នុងការកសាងជីវិតជាថ្មី។

ជាមួយគ្នានេះដែរ លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងដៃគូអភិវឌ្ឍន៍ទាំងអស់ ដែលបានជ្រើសរើស និងយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋក្នុងស្រុកស្វាយចេក។
លោកអភិបាលរងខេត្តបានបញ្ជាក់ថា អាជ្ញាធរខេត្ត និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាបន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តនេះដំណើរការទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ រដ្ឋបាលខេត្តនឹងខិតខំសម្រួលដល់ការផ្តល់សេវាកម្មប្រឹក្សាយោបល់ជូនដល់បងប្អូនជនភៀសសឹក និងប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយស្មើភាព និងគ្មានការរើសអើងឡើយ។

ការបង្កើតបន្ទប់ប្រឹក្សាយោបល់ផ្លូវចិត្តនៅភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក នាពេលនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់គុណភាពជីវិត និងសុខភាពផ្លូវចិត្ត ដល់ប្រជាពលរដ្ឋដែលរៀបនឹងស្តារជីវភាពឡើងវិញ។ សមិទ្ធផលនេះមិនត្រឹមតែជាជម្រកសុវត្ថិភាពសម្រាប់ការស្តាប់ និងការលួងលោមផ្លូវចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរទ្រទ្រង់ស្មារតីសហគមន៍ឱ្យកាន់តែមានភាពស៊ូទ្រាំ និងរឹងមាំតទៅមុខទៀតផង៕
ដោយ ឈុន សារ៉ាត





