ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅកូឡុំប៊ីកើនឡើងដល់ ១១១នាក់
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- យោងតាមការលើកឡើងរបស់ប្រធានាធិបតីកូឡុំប៊ី លោក អាបេឡាដូ ដេឡា អេស្ព្រីអេលឡា (Abelardo de la Espriella) នៅទីក្រុងបូហ្គោតា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៤ រ៉ិចទ័រដែលបានវាយប្រហារភាគខាងលិចប្រទេសកូឡុំប៊ីកាលពីថ្ងៃចន្ទ បានកើនឡើងដល់ ១១១នាក់ទូទាំងប្រទេស ដោយមានអ្នករងរបួស ៨៧នាក់។
លោក ដេឡា អេស្ព្រីអេលឡា បាននិយាយថា គ្រោះរញ្ជួយដីនេះបានបំផ្លាញផ្ទះចំនួន ១.៥៧៥ខ្នង និងហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានចំនួន ៦ទីតាំងដែលប្រតិបត្តិការហោះហើរពាណិជ្ជកម្មត្រូវបានផ្អាក។
រដ្ឋាភិបាលកូឡុំប៊ីកាលពីព្រឹកថ្ងៃចន្ទបានប្រកាសពីគ្រោះមហន្តរាយជាតិ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃការរញ្ជួយដី។
យោងតាមសេវាភូគព្ភសាស្ត្រកូឡុំប៊ី បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានវាយប្រហារនៅម៉ោង ៧:៣៤នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅភាគខាងលិចប្រទេសកូឡុំប៊ី។ ចំណុចកណ្តាលរបស់វាស្ថិតនៅជិតតំបន់ San Jose del Palmar ក្នុងខេត្ត ចូកូ ក្នុងជម្រៅ ៩៦គីឡូម៉ែត្រ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





