មីយ៉ាន់ម៉ាចេញសេចក្តីជូនដំណឹងស្តីពីសុវត្ថិភាពចំណីអាហារសម្រាប់តំបន់ដែលរងផលប៉ះពាល់ដោយទឹកជំនន់
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់កាសែតប្រចាំថ្ងៃ The Global New Light of Myanmar កាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា រដ្ឋបាលចំណីអាហារ និងឱសថ (FDA) ក្រោមក្រសួងសុខាភិបាលមីយ៉ាន់ម៉ា បានចេញសេចក្តីជូនដំណឹងជាសាធារណៈស្តីពីវិធានការសុវត្ថិភាពចំណីអាហារ បន្ទាប់ពីមានទឹកជំនន់ថ្មីៗនេះដែលបណ្តាលមកពីការបាក់ច្រាំងទន្លេង៉ាវ៉ុន ក្នុងតំបន់ Ayeyarwady ។
រដ្ឋបាល FDA បាននិយាយថា ទឹកជំនន់អាចបណ្តាលឱ្យអាហារដែលរក្សាទុកខូច ឬក្លាយជាកខ្វក់។ អាហារដែលមិនបានប៉ះនឹងទឹកជំនន់ ឬត្រូវបានបិទជិតក្នុងការវេចខ្ចប់ស្អាត មិនជ្រាបទឹក និងនៅដដែល ហើយអាហារកំប៉ុងដែលមិនខូចខាតត្រូវបានសម្អាតឱ្យបានត្រឹមត្រូវអាចទទួលទានបានដោយសុវត្ថិភាព។
រដ្ឋបាល FDA ក៏បានណែនាំផងដែរថា អាហារឆ្អិន ឬរៀបចំរួចដែលស្ថិតនៅសីតុណ្ហភាពបន្ទប់លើសពី ៤ម៉ោងគួរតែត្រូវបានបោះចោល។
របាយការណ៍បាននិយាយថា រដ្ឋបាល FDA បានផ្តល់គន្លឹះសុវត្ថិភាពសុខភាព រួមទាំងការដាំទឹកផឹកឱ្យពុះមុនពេលប្រើប្រាស់ ពិនិត្យមើលថាស្លាកដបទឹកនៅដដែល លាងដៃឱ្យបានហ្មត់ចត់ជាមួយសាប៊ូ និងទឹកមុនពេលញ៉ាំ និងប្រើថ្នាំបន្សុទ្ធទឹក ប្រសិនបើមាន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





