ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសវេណេស៊ុយអេឡាកើនឡើងដល់ ៦.៣០១នាក់
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ -- យោងតាមផេកផ្លូវការដែលចេញផ្សាយកាលពីថ្ងៃចន្ទដោយប្រធានរដ្ឋសភា លោក ចច រ៉ូដ្រីហ្គេ (Jorge Rodriguez) បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីកាលពីថ្ងៃទី២៤ ខែមិថុនា នៅប្រទេសវេណេស៊ុយអេឡាបានកើនឡើងដល់ ៦.៣០១នាក់។
ផេកនេះបានបង្ហោះនៅលើឆានែលតេឡេក្រាមរបស់លោក ចច រ៉ូដ្រីហ្គេ ដែលលោកក៏ជាប្រធានបញ្ជាការសម្រាប់ជំរំបណ្ដោះអាសន្នផងដែរ បាននិយាយថា ផ្ទះចំនួន ២៨៧ខ្នងត្រូវបានប្រគល់ជូនប្រជាជនដែលរងផលប៉ះពាល់ដោយការរញ្ជួយដីពីរលើកនេះ។
អាជ្ញាធរបានវាយតម្លៃផ្ទះចំនួន ៥៣.៣១៤ខ្នងដែលក្នុងនោះ ៣១.៣៣៦ខ្នងត្រូវបានរកឃើញថាអាចរស់នៅបាន ១២.៤១១ខ្នងត្រូវបានចាត់ថ្នាក់ថាមានការរឹតត្បិតសម្រាប់ការចូលរស់នៅដោយសារតែការខូចខាត និងផ្ទះចំនួន ៩.៥៦៧ខ្នងផ្សេងទៀតត្រូវបានដាក់ស្លាកថាមានហានិភ័យខ្ពស់។
ប្រទេសវេណេស៊ុយអេឡាត្រូវបានវាយប្រហារជាង ៦សប្តាហ៍មុនដោយការរញ្ជួយដីពីរលើកដែលមានកម្រិត ៧,២ និង ៧,៥រ៉ិចទ័រ នៅរដ្ឋយ៉ារ៉ាកូយ ភាគខាងលិច និងរដ្ឋឡាហ្គូអៃរ៉ា ភាគកណ្តាល៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





