រដ្ឋសភាកម្ពុជាប្រារព្ធពិធីបើកជាផ្លូវការ «វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩»
AKP ភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២៦ នៅវិមានរដ្ឋសភាបានទទួល ធ្វើជាម្ចាស់ផ្ទះ បានបើកដំណើរការជាផ្លូវការ«វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល លើកទី៩» (9th APPF-GH) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ។

វេទិកាដ៏មានសារៈសំខាន់សម្រាប់សុខុមាលភាពប្រជាពលរដ្ឋជាអន្តរជាតិនេះ ប្រារព្ធធ្វើរយៈពេលបីថ្ងៃគឺពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែសីហាឆ្នាំ២០២៦ ក្រោមប្រធានបទ«សេវាគ្របដណ្តប់សុខភាពជាសកល ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត(AI) និងបរិបទនៃការប្រែប្រួលអាកាសធាតុ» ក្រោមកិច្ចសហការរវាងសភានៃព្រះរាជាណាចក្រកម្ពុជានិងអង្គការសុខភាពពិភពលោក ដោយមានការសម្របសម្រួលដោយ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា ។

ថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភា ព្រឹទ្ធសភា តំណាងរាជរដ្ឋាភិបាល ព្រមទាំងតំណាងអង្គការសហប្រជាជាតិ មានចំនួនសរុប ១៦ប្រទេសដែលជាសមាជិក វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកល និងដៃគូអភិវឌ្ឍន៍គឺបានអញ្ជើញមកចូលរួមក្នុងវេទិកានាឱកាសនេះ។

វេទិកាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិក ស្តីពី «សុខភាពសកល» ត្រូវបានបង្កើតឡើង និងផ្តល់ជាវេទិកាដ៏សំខាន់មួយ សម្រាប់តំណាងរាស្រ្ត ឬអ្នកតាក់តែងច្បាប់ ផ្លាស់ប្តូរទស្សនៈ យោបល់ បទពិសោធន៍ កសាងឆន្ទៈនយោបាយ និងសម្ព័ន្ធភាព ព្រមទាំងពង្រឹងសមត្ថភាពស្ថាប័នរបស់យើង និងសហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការជំរុញសកម្មភាពជាក់ស្តែង ដើម្បីលើកកម្ពស់ វិស័យសុខាភិបាល៕


ដោយ៖ ប៊ុនរិទ្ធ





