លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាលនិងផ្តល់អំណោយដល់ប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ១,០៥១គ្រួសារ
AKP ភ្នំពេញ ព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជួបសំណេះសំណាល ចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល (ម.ស.ស) និងផ្តល់អំណោយដល់ប្រជាពលរដ្ឋរស់នៅក្នុង អង្គការមូលនិធិកុមារកម្ពុជា (CCF) ចំនួន ១,០៥១គ្រួសារ ស្មើនឹងចំនួន ៤,៦៨៤នាក់ ។ ការចែកប័ណ្ណនៅថ្ងៃនេះ គឺមានចំនួន ៥៥៩ប័ណ្ណ ដោយក្នុងនោះប្រជាពលរដ្ឋចំនួន ២០៤នាក់ ទទួលបានប័ណ្ណថ្មី និងប្រជាពលរដ្ឋចំនួន ៣៥៥នាក់ ទទួលបានការបន្តសុពលភាពប័ណ្ណ។

ជាកិច្ចចាប់ផ្តើម លោកជំទាវបណ្ឌិត បានពាំនាំសារសួរសុខទុក្ខដោយក្តីនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់លោកតាលោកយាយ អ៊ំពូមីង បងប្អូន កូនៗ ក្មួយៗ ដែលរស់នៅក្នុងអង្គការទាំងមូល។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរមូលដ្ឋាន និងអង្គការមូលនិធិកុមារកម្ពុជា ដែលបានសហការគ្នាយ៉ាងសកម្មដើម្បីឧបត្ថម្ភ គាំទ្រ ជួយដល់ប្រជាពលរដ្ឋ កុមារ ក្រុមគ្រួសារដែលកំពុងជួបការលំបាក និងមានតម្រូវការជាប់ជាប្រចាំ។

ចំពោះការចែកប័ណ្ណនៅថ្ងៃនេះ លោកជំទាវបណ្ឌិត បានបញ្ជាក់ថា ប័ណ្ណនេះ គឺសម្រាប់គាំពារសុខភាពដែលជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារ និងជួយសម្រួលដល់ការទៅពិនិត្យព្យាបាលជំងឺនានា ដែលបង្ហាញអំពីការគិតគូរ យកចិត្តទុកដាក់យ៉ាងដិតដល់របស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះជីវភាព សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋទាំងអស់ ដោយឈរលើស្មារតី មិនបោះបង់ពលរដ្ឋខ្មែរណាម្នាក់ឡើយ ។ លោកជំទាវបណ្ឌិត បន្ថែមថា ការជួយគ្រួសារមួយគឺមិនមែនជួយតែមនុស្សម្នាក់ប៉ុណ្ណោះទេ គឺជួយដល់សមាជិកក្រុមគ្រួសារ ជួយដល់សហគមន៍ ជាពិសេសគឺរួមចំណែកផ្តល់ឱកាសដល់កុមារឱ្យមានការរីកចម្រើនតទៅមុខ។ លើសពីនេះ ប្រជាពលរដ្ឋដែលមានប័ណ្ណ ម.ស.ស នេះ អាចទៅមន្ទីរពេទ្យរដ្ឋ និងឯកជនចំនួន ១៤៣កន្លែងនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងរាប់ពាន់កន្លែងផ្សេងទៀតនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕


ដោយ៖ គង់ សិរីរ័ត្ន





