អភិបាលខេត្តតាកែវអញ្ជើញបើកហិបវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម ហោ ប៉េង ប្រធានគណៈមេប្រយោគប្រចាំខេត្តតាកែវ ឯកឧត្តម ឡេង តុលា ឧបការីនៃអង្គភាពប្រឆាំងអំពើពុករលួយ និងជាប្រធានក្រុមការងារដឹកនាំសង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រចាំខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបើកហិបវិញ្ញាសារ និងកាត់ស្រោមវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ដោយមានការអញ្ជើញចូលរួមពីលោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះក៏មិនខុសពីឆ្នាំមុនៗដែរ គឺនៅតែមានការរឹតបន្តឹងដដែល។ហើយតម្រូវឱ្យបេក្ខជនម្នាក់ៗត្រូវតែធ្វើការប្រឡងដោយសមត្ថភាពពិតៗ និយាយជារួមអ្នកចេះគឺជាប់។ដូច្នេះបេក្ខជនទាំងអស់ត្រូវតែគោរពទៅតាមបទបញ្ជាផ្ទៃក្នុងនៃការប្រឡង ដោយមិនអនុញ្ញាតឲ្យបេក្ខជនណាម្នាក់យកសំណៅឯកសារ សៀវភៅ ទូរសព្ទដៃ និងឧបករណ៍អេឡិចត្រូនិចមួយចំនួនទៀត ចូលបន្ទប់ប្រឡងឡើយ។ប្រសិនបើអនុរក្សរកឃើញបេក្ខជនអាចនឹងបានពិន្ទុសូន្យ ឬធ្លាក់ដោយស្វ័យប្រវត្តិតែម្ដង។ ម្យ៉ាងទៀតយើងមានអ្នកសង្កេតការណ៍ មកពីអង្គភាពប្រឆាំងអំពើពុរលួយ បានចូលរួមត្រួតពិនិត្យនៅមណ្ឌលប្រឡងទាំងអស់។

ឯកឧត្តម វ៉ី សំណាង បានមានប្រសាសន៍បន្តថា ការរឹតបន្តឹងនេះគឺដើម្បីពង្រឹងវិស័យអប់រំឱ្យកាន់តែល្អប្រសើរ ពិសេសចូលរួមបង្កើនធនធានមនុស្សនៅកម្ពុជា។ ពោលគឺធនធានមនុស្សដែលប្រកបដោយទេពកោសល្យ មានចំណេះដឹងពិតប្រាកដពោរពេញទៅដោយសមត្ថភាពពេញលេញនិងគ្រប់គ្រាន់ សមជាអ្នកបន្តវេនរបស់សង្គមជាតិទៅថ្ងៃអនាគត។ ដូច្នេះហើយនេះជាអ្វីដែលក្រសួងអប់រំយុវជននិងកីឡា ត្រូវតែធ្វើនិងតម្រូវឲ្យបេក្ខជនទាំងអស់អនុវត្ត គឺនៅពេលប្រឡងមិនត្រូវលួចមើលគ្នា ឬចម្លងគ្នាទៅវិញទៅមកឡើយ។ ពិសេសគឺមិនត្រូវបង្កភាពអាណាធិបតេយ្យនៅក្នុងពេលប្រឡងដាច់ខាត ត្រូវប្រឡងក្នុងបរិយាកាសស្ងៀមស្ងាត់ ត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ចំពោះបេក្ខជនគ្រប់ៗគ្នា។

លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានឱ្យដឹងថា នៅខេត្តតាកែវ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ មានមណ្ឌលប្រឡងចំនួន១៧មណ្ឌល ស្មើនឹង៣៨៥បន្ទប់ ថយចុះ១១បន្ទប់។ មានបេក្ខជនសរុបចំនួន៩៥៦៣នាក់ ស្រី៥៣១៩ ថយចុះចំនួន២៥៣នាក់។

លោក ឡោ វីរិទ្ធ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធទៅនឹងសុវត្ថិភាពតាមមណ្ឌលប្រឡង សុវត្ថិភាពវិញ្ញាសារ និងការអនុវត្តបទបញ្ជាផ្ទៃក្នុងរបស់បេក្ខជនប្រឡង គឺមានភាពស្ងប់ស្ងាត់ល្អប្រសើរ។បេក្ខជនប្រឡងនៅគ្រប់មណ្ឌលទាំងអស់ទូទាំងខេត្តតាកែវ បានអនុវត្តនិងគោរពបទប្បញ្ញត្តិយ៉ាងខ្ជាប់ខ្ជួន ដោយមិនមែនបាតុភាព ឬបញ្ហាមិនប្រក្រតីណាមួយកើតឡើងឡើយ៕
ដោយ អ៊ុច សៀង





