ក្រសួងអភិវឌ្ឍន៍ជនបទប្រារព្ធទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ “ ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព“
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២ នៅកម្ពុជា ក្រោមប្រធានបទ“ ការលើកតម្កើងតួនាទីឆ្មបជាជនជាតិដើមភាគតិច ដើម្បីការពារជីវិត និងលើកកម្ពស់សុខុមាលភាព”នាព្រឹកថ្ងៃចន្ទទី១០ ខែសីហា ឆ្នាំ២០២៦ នៅបរិវេណសួនច្បារ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែងនេះ ។

អង្គពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ, តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ , ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង , ឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត, តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ, អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ សរុបប្រមាណជាង ៩៤០នាក់។

សូមជម្រាបជូនផងដែរ ពិធីអបអរសាទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣២ និងលើកទី២២នៅកម្ពុជា រៀបចំឡើងក្នុងគោលបំណង៖
១. ចូលរួមអបអរសាទរជាមួយជនជាតិដើមភាគតិចលើពិភពលោក និងបងប្អូនជនជាតិដើមភាគតិចនៅកម្ពុជា។

២. បង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះបងប្អូនជនជាតិដើមភាគតិច ក្នុងការលើកកម្ពស់ជីវភាព អភិរក្សវប្បធម៌ និងលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិច ស្របតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច។

៣. ចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងភាសារបស់បងប្អូនជនជាតិដើមភាគតិច និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់ជនជាតិដើមតិច ដោយមានការចូលរួមគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

ដោយ៖ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





