ការប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦ នៅខេត្តសៀមរាបមានបេក្ខជនចំនួន ១១៤៨៦ អ្នកចេះគឺជាប់
AKP ភ្នំពេញ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦--នៅព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦ នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងព្រះរាជាណាចក្រកកម្ពុជា ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប ឃើញថា នៅតាមមណ្ឌលប្រឡងបានកំពុងដំ ណើរការទៅដោយរលូន។

យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឱ្យដឹងថា ដំណើរការប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២៥-២០២៦នេះ មាន១៦ មណ្ឌលប្រឡង ស្មើនឹង ៤៦៣បន្ទប់ ដែលមានសិស្សប្រឡងសរុប ១១៤៨៦ នាក់ ស្រី៦៨១២នាក់ ក្នុងនោះមានបេក្ខជន ៥ប្រភេទ,ទី១.បេក្ខជនចំណេះទូទៅ ,បេក្ខជនស្វ័យរិនចំណេះទូទៅ ,បេក្ខជនបំពេញវិជ្ជា,បេក្ខជនស្វ័យរិនបំពេញវិជ្ជា,បេក្ខជនអប់រំពិសេសចំនួន ៧នាក់ ស្រី២នាក់(សិស្សពិការភ្នែក៤នាក់ គថ្លង់ ៣នាក់ )។

ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ,សកលវិទ្យាល័យ ។ ម៉្យាងទៀតបេក្ខជនទាំងពីរភេទ ដែលត្រូវចូលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលនេះ ត្រូវតែយកចិត្តទុកដាក់ខ្ពស់ និងខិតខំសរសេរឲ្យល្អត្រឹមត្រូវទៅលើក្រដាសវិញ្ញាសារ មុននឹងឆ្លើយត្រូវគិតត្រិះរិះ ពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ និង ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រឡង និង ប្រកាន់យកនូវគោលការណ៍ «ចេះជាប់»។

ឯកឧត្តមបានបន្តថា ការប្រឡងនេះ គឺដើម្បីដឹងពីសមត្ថភាពចំណេះដឹង ដែលបានសិក្សាអស់រយៈពេល១២ឆ្នាំកន្លងមក និងស្វែងរកនូវធនធានមនុស្ស ជាទំពាំងស្នងឫស្សី ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ៕

ដោយ ៖ឃុត សៅ





