សហគមន៍កសិកម្មនៅខេត្តព្រះវិហារចុះកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនចំនួន២ផ្គត់ផ្គង់អង្ករសរីរាង្គ៤ម៉ឺនតោន និង១,៥ម៉ឺនតោន និងសណ្តែកដី១០តោន
AKP ភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦-- សហគមន៍កសិកម្មក្នុងខេត្តព្រះវិហារបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលទិញកសិផលចំនួន២ ដើម្បីផ្គត់ផ្គង់អង្ករសរីរាង្គចំនួន៤ម៉ឺនតោន ដំឡូងមីសរីរាង្គចំនួន ១៥០០០តោន និងសណ្តែកដីសរីរាង្គចំនួន ១០តោននាឆ្នាំ២០២៦។

គម្រោងគជ់នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចុះកិច្ចសន្យារវាងក្រុមហ៊ុនឯកជន ជាមួយសហគមន៍កសិកម្មនេះដែរគឺ កំពុងបង្កើតឱកាសទីផ្សារថ្មីសម្រាប់កសិករដែលមានទំហំផលិតកម្មតូច ប្រមាណ ៣៥០០នាក់ មកពីសហគមន៍កសិកម្មចំនួន២៨ នៅខេត្តព្រះវិហារ។

គួរបញ្ជាក់ថាកិច្ចព្រមព្រៀងដែលចុះហត្ថលេខារវាងសហគមន៍កសិកម្ម និងក្រុមហ៊ុន AMRU Rice (Cambodia) Co., Ltd. និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ត្រូវបានសម្របសម្រួលដោយគម្រោងគជ់ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ និងសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។

ប្រភពដដែលនេះបានបញ្ជាក់បន្ថែមថា ពិធីចុះហត្ថលេខានេះធ្វើឡើងដោយមានការចូលរួមពីសំណាក់ ឯកឧត្តម មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងគជ់ ឯកឧត្តម គឹម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកឧកញ៉ា សុង សារ៉ន ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន AMRU Rice (Cambodia) Co., Ltd.។ កិច្ចព្រមព្រៀងនេះដែរមានអត្ថន័យយ៉ាងសំខាន់សម្រាប់កសិករ។ តាមរយៈគម្រោងគជ់ សហគមន៍កសិកម្មទទួលបានការគាំទ្រផ្នែកព័ត៌មានអាកាសធាតុ ដំបូន្មានកសិកម្ម និងឧបករណ៍កសិកម្ម ដើម្បីជួយកសិករក្នុងការផលិតដំណាំដែលមានគុណភាព និងប្រមូលផលបានទាន់ពេលវេលា ទោះបីជាមានការប្រែប្រួលអាកាសធាតុក៏ដោយ។

អ្នកស្រី សុខុម ដែលជាប្រធានសហគមន៍កសិកម្មមួយរូបបានបញ្ជាក់ប្រាប់ថា «ភាពជាដៃគូជាបន្តបន្ទាប់ជាមួយក្រុមហ៊ុន AMRU Rice ផ្តល់ឱ្យកសិករនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការរៀបចំផែនការផលិតកម្ម។ សូមអរគុណចំពោះព័ត៌មានអាកាសធាតុ និងដំបូន្មានកសិកម្មដែលផ្តល់ដោយគម្រោងគជ់ ព្រោះកសិករអាចធ្វើការសម្រេចចិត្តបានកាន់តែប្រសើរ ដោយផ្អែកលើការព្យាករណ៍អាកាសធាតុ។ ម៉ាស៊ីនច្រូតដែលគាំទ្រដោយគម្រោង ក៏នឹងជួយយើងឱ្យប្រមូលផលបានលឿនជាងមុន និងកាត់បន្ថយការខាតបង់បណ្តាលមកពីអាកាសធាតុដែលមិនអាចទាយទុកជាមុនបាន»។

គួរបញ្ជាក់ថាគម្រោងគជ់ដែលគាំទ្រដោយមូលនិធិអាកាសធាតុបៃតង មានផែនការជួយដល់គ្រួសារកសិករប្រមាណ១០ម៉ឺនគ្រួសារ ឬត្រូវជា៤៥ម៉ឺនកសិករ នៅទូទាំងប្រទេសកម្ពុជា៕
ដោយ៖ មករា





