មន្ត្រីសង្គមកិច្ចក្នុងខេត្តកំពត និងខេត្តកែប ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពការអនុវត្តមុខងារ
AKP ភ្នំពេញ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តម អុល រ៉ូ រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោក ខាន់ សុខា អភិបាលរងខេត្តកំពត កាលពីថ្ងៃទី០៦-០៧ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តមុខងារនៃវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្រាប់មន្ត្រីទទួលបន្ទុកវិស័យសង្គមកិច្ច និងសុខុមាលភាពសង្គម ក្រុង ស្រុក មកពីខេត្តកំពត និងខេត្តកែប។

ឯកឧត្តម អុល រ៉ូ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះបានបញ្រ្ជាប និងពង្រឹងសមត្ថភាពជូនដល់មន្ត្រីពាក់ព័ន្ធទាំងអស់ដែលបានចូលរួម ពិសេសសម្រាប់មន្ត្រីទទួលបន្ទុកជាបុគ្គលិកសង្គមកិច្ច ក្រុង ស្រុក ខណ្ឌ ខេត្តទាំងពីរ ដើម្បីឱ្យអនុវត្តមុខងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមឧបសម្ព័ន្ធទី១ និងឧបសម្ព័នទី៣ ចំណុច «ដ» វិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៃអនុក្រឹត្យលេខ១៨២ ១៨៣ និង១៨៤ និងមាត្រា៦នៃអនុក្រឹត្យលេខ៣៤ និងសៀវភៅណែនាំ ផ្អែកលើក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្ត គោលការណ៍ណែនាំ និងនិតិវិធីរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។


វគ្គបណ្តុះបណ្តាលនេះមានសមាសភាពចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តមនាយកវិទ្យាស្ថានជាតិសង្គមកិច្ច លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន តំណាងអង្គភាពពាក់ព័ន្ធ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរស.អ.យ.ខេត្តកំពត ខេត្តកែប ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ទាំង៩ ក្រុង ស្រុក នៃខេត្តកំពត លោក លោកស្រីអភិបាលរង ការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គម ទាំង២ ក្រុង ស្រុក នៃខេត្តកែប និងអង្គការដៃគូអភិវឌ្ឍន៍ក្នុងខេត្តកំពត និង ខេត្តកែប សរុបប្រមាណ ៦៥នាក់៕
ដោយ ណយ នឿន (ប្រភព៖ក្រសួងសង្គមកិច្ច)





