រដ្ឋមន្រ្ដីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បន្តពង្រីកការផ្សព្វផ្សាយតាមបណ្តាញសង្គម ដើម្បីពង្រីកការផ្សាយនៅទូទាំងប្រទេស ជាពិសេសយុវជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន
AKP ភ្នំពេញ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្ដីក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បន្តពង្រីកការផ្សព្វផ្សាយតាមបណ្តាញសង្គម និងវេទិកាឌីជីថលនានា គួបផ្សំនឹងការផ្សាយតាមវិទ្យុ ដើម្បីពង្រីកការចូលដល់ទស្សនិកជននៅទូទាំងប្រទេស ជាពិសេសយុវជន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ស្របតាមនិន្នាការនៃការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយនាពេលបច្ចុប្បន្ន។ ការលើកឡើងរបស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោកស្រី សាវតា ច័ន្ទគ្រឹស្នា នាយិកាប្រតិបត្តិ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងព័ត៌មាន ដោយផ្តោតលើការពិនិត្យលទ្ធភាពពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានឱ្យបានកាន់តែទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋនៅតាមតំបន់ជនបទ និងតំបន់ដាច់ស្រយាលអាចទទួលបានព័ត៌មានដែលមានភាពត្រឹមត្រូវ ទាន់ពេលវេលា និងគួរឱ្យទុកចិត្ត ព្រមទាំងលើកកម្ពស់ការយល់ដឹងសាធារណៈអំពីការអភិវឌ្ឍសង្គម និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការខិតខំប្រឹងប្រែងរបស់មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ដែលបានរួមចំណែកផលិត និងផ្សព្វផ្សាយព័ត៌មាន និងកម្មវិធីអប់រំប្រកបដោយគុណភាព សម្រាប់ជាប្រយោជន៍ដល់សាធារណជន ជាពិសេសលើវិស័យសុខភាព ការអប់រំ ស្ត្រី និងកុមារ។ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឱ្យមណ្ឌលព័ត៌មានស្ត្រីកម្ពុជា បន្តពង្រឹងគុណភាពខ្លឹមសារព័ត៌មាន និងកម្មវិធីផ្សព្វផ្សាយ ដោយប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ សីលធម៌ ព័ត៌មានពិត និងការទទួលខុសត្រូវ ព្រមទាំងបង្កើនការផលិតមាតិកាដែលមានភាពទាក់ទាញ ងាយយល់ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនាសម័យឌីជីថល។

ជាមួយគ្នានេះ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា ក្រសួងព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដល់ស្ថាប័នព័ត៌មានដែលអនុវត្តន៍វិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវ និងចូលរួមផ្សព្វផ្សាយព័ត៌មានពិត ដើម្បីរួមចំណែកពង្រឹងបរិយាកាសព័ត៌មានប្រកបដោយគុណភាព លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍សង្គមកម្ពុជាឱ្យកាន់តែរីកចម្រើន។
លោកស្រី សាវតា ច័ន្ទគ្រឹស្នា បានគោរពរាយការណ៍ជូន ឯកឧត្តមរដ្ឋមន្ត្រីអំពីលទ្ធផលនៃការស្ទង់មតិអ្នកស្តាប់វិទ្យុនៅតាមបណ្តាខេត្ត-ក្រុង មួយចំនួន ជាពិសេសនៅតំបន់ជនបទ និងតំបន់ដាច់ស្រយាល ដើម្បីសិក្សាពីតម្រូវការ និងទម្លាប់នៃការទទួលព័ត៌មានរបស់ប្រជាពលរដ្ឋ សម្រាប់អភិវឌ្ឍន៍ខ្លឹមសារកម្មវិធីឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សាធារណជន។ លោកស្រីបានលើកឡើងថា អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា មានគោលបំណងពង្រីកការផ្សព្វផ្សាយកម្មវិធីអប់រំសុខភាព ព័ត៌មានពិត ការលើកកម្ពស់សមភាពយេនឌ័រ និងការការពារសិទ្ធិស្ត្រី និងកុមារ ឱ្យបានកាន់តែទូលំទូលាយ ជាពិសេសដល់ប្រជាពលរដ្ឋដែលនៅមានកម្រិតក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។

លោកស្រី នាយិកាប្រតិបត្តិ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ក៏បានបញ្ជាក់ឱ្យដឹងទៀតថា មណ្ឌលព័ត៌មានស្ត្រីកម្ពុជា ជាស្ថាប័នព័ត៌មានក្នុងស្រុក ដែលបានបំពេញបេសកកម្មអស់រយៈពេល៣០ឆ្នាំ ដោយប្រើប្រាស់ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយឌីជីថល។ លោកស្រីក៏បានអះអាងដែរថា ការផលិតកម្មវិធី និងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ និងការទទួលខុសត្រូវ ក្នុងការរួមចំណែកលើកកម្ពស់ការយល់ដឹងរបស់សាធារណជន និងគាំទ្រការអភិវឌ្ឍសង្គមកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា





