រដ្ឋាភិបាលកូរ៉េខាងត្បូងពិចារណាបង្កើតភ្នាក់ងារសម្រាប់តែដំណោះស្រាយទៅលើគោលនយោបាយយុវជន
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- មន្ត្រីកូរ៉េខាងត្បូង បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលកូរ៉េខាងត្បូងនឹងពិចារណាបង្កើតទីភ្នាក់ងារមួយ ដែលសម្រាប់តែដោះស្រាយទៅលើគោលនយោបាយយុវជនទាំងស្រុងតែប៉ុណ្ណោះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីផ្តោតសំខាន់ទៅលើវិធានការដែលប៉ះពាល់ដល់យុវជនជំនាន់ក្រោយដោយផ្ទាល់។
មន្ត្រីនោះបាននិយាយថា ការិយាល័យសម្របសម្រួលគោលនយោបាយរដ្ឋាភិបាល បានរាយការណ៍អំពីផែនការនេះក្នុងអំឡុងពេលនៃកិច្ចប្រជុំគោលនយោបាយទៅកាន់ប្រធានាធិបតី លោក លី ជេម្យុង រួមជាមួយគំនិតផ្តួចផ្តើមក្នុងការបង្កើតគណៈកម្មាធិការមួយ និងកិច្ចប្រជុំរដ្ឋមន្ត្រីដែលមានគោលបំណងសម្របសម្រួល និងពិភាក្សាអំពីគោលនយោបាយយុវជន។
ផែនការនេះបានធ្វើឡើងបន្ទាប់ពីលោក លី បានសង្កត់ធ្ងន់ទៅលើតម្រូវការសម្រាប់អង្គការមួយដែលឧទ្ទិសដល់គោលនយោបាយយុវជនជាពិសេស។
រដ្ឋាភិបាលក៏នឹងពិចារណាបង្កើតវិទ្យាស្ថានស្រាវជ្រាវមួយ ដែលមានជំនាញខាងគោលនយោបាយយុវជនផងដែរ ខណៈដែលពង្រឹងវេទិកាសម្រាប់គោលនយោបាយយុវជន ការណែនាំសន្ទស្សន៍ដើម្បីវាស់ស្ទង់ផលប៉ះពាល់ជាក់ស្តែងនៃគោលនយោបាយលើអ្នកទទួល និងការពង្រីកទំនាក់ទំនងជាមួយយុវជន។
គោលនយោបាយផ្សេងទៀត ដែលបានគ្រោងទុកក្នុងឆ្នាំក្រោយរួមមាន ការផ្តល់ការគាំទ្រយ៉ាងសកម្មសម្រាប់ការបង្កើតទីភ្នាក់ងារស៊ើបអង្កេតឧក្រិដ្ឋកម្មធ្ងន់ធ្ងរ និងសេវាអយ្យការសាធារណៈ ដែលជាអង្គការថ្មីពីរដែលនឹងត្រូវដាក់ឱ្យដំណើរការនៅក្នុងខែតុលា ក្រោមកំណែទម្រង់ការអនុវត្តច្បាប់យ៉ាងទូលំទូលាយ ដែលផ្តោតលើការដកហូតអំណាចស៊ើបអង្កេតឯករាជ្យពីព្រះរាជអាជ្ញា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





