ក្រសួងអប់រំកូរ៉េខាងត្បូងនឹងពង្រីកថ្នាក់រៀនភាសាកូរ៉េដល់ ៧០ប្រទេស
AKP ភ្នំពេញ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ -- ថ្នាក់រៀនភាសាកូរ៉េនឹងត្រូវបានបន្ថែមទៅក្នុងកម្មវិធីសិក្សារបស់សាលារៀនរដ្ឋនៅក្នុងប្រទេសចំនួន៧០នៅត្រឹមឆ្នាំ២០៣០ ដែលកើនឡើងពី ៥១ប្រទេសនៅក្នុងឆ្នាំនេះ ក្រោមផែនទីបង្ហាញផ្លូវថ្មីរបស់រដ្ឋាភិបាល ដែលក៏គូសបញ្ជាក់ពីការបង្កើនល្បឿនការរៀនសូត្រដែលជំរុញដោយបញ្ញាសិប្បនិម្មិត (AI) និងពង្រឹងសាកលវិទ្យាល័យក្នុងតំបន់ ដែលជាផ្នែកមួយនៃការជំរុញកាន់តែទូលំទូលាយ ដើម្បីដាក់ប្រទេសនេះឱ្យក្លាយជាមហាអំណាចអប់រំសកលលោក។
ក្រសួងអប់រំបានបង្ហាញចក្ខុវិស័យនេះកាលពីថ្ងៃពុធ ក្នុងអំឡុងពេលនៃកិច្ចប្រជុំគោលនយោបាយមួយទៅកាន់ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង ដោយកំណត់វាជុំវិញការពង្រីកការអប់រំភាសាកូរ៉េនៅក្នុងសកលលោក និងចក្ខុវិស័យនៃការអប់រំសម្រាប់អនាគតរបស់មនុស្សគ្រប់គ្នា។
រដ្ឋមន្ត្រីក្រសួងអប់រំកូរ៉េខាងត្បូង លោក ចយ ក្យូ-ជីន បាននិយាយថា«តួនាទីជាមូលដ្ឋាននៃការអប់រំ គឺធានាថា មនុស្សគ្រប់គ្នាអាចស្រមៃអំពីអនាគត។ យើងនឹងអនុវត្តគំនិតផ្តួចផ្តើមទាំងនេះយ៉ាងឆាប់រហ័ស ដើម្បីជួយប្រទេសកូរ៉េឱ្យក្លាយជាមហាអំណាចអប់រំក្នុងសកលលោក ដែលមិនអាចជំនួសបាន»។
នៅក្នុងចំណុចស្នូលនៃយុទ្ធសាស្ត្រជាសកល គឺការពង្រីកការបង្រៀនភាសាកូរ៉េដ៏សំខាន់នៅក្នុងសាលារៀននៅបរទេស។ មិនដូចវិទ្យាស្ថានSejong ដែលផ្តល់ឱ្យអ្នករៀនពេញវ័យជាចម្បងនោះ កម្មវិធីនេះរួមបញ្ចូលនូវការអប់រំភាសាកូរ៉េទៅក្នុងសាលាបឋមសិក្សា និងមធ្យមសិក្សានៅបរទេស ដោយបញ្ចូលភាសាកូរ៉េទៅក្នុងប្រព័ន្ធអប់រំសាធារណៈផ្លូវការ។
ក្រសួងក៏មានគោលបំណងពង្រីកវិសាលភាពជាសកលនៃកម្មវិធីTOPIK ដែលជាការប្រឡងសមត្ថភាពភាសាកូរ៉េផ្លូវការរបស់ប្រទេសតាមរយៈការផ្លាស់ប្តូរដែលដំណើរការដោយ AIផងដែរ។ តាមរយៈការធ្វើទំនើបកម្មការប្រឡង និងការគ្រប់គ្រងរបស់វា ក្រសួងសង្ឃឹមថានឹងបង្កើនអ្នកប្រឡងប្រចាំឆ្នាំដល់ ១លាននាក់នៅត្រឹមឆ្នាំ២០៣០ ដែលស្ទើរតែទ្វេដងនៃចំនួនសរុបប្រហែល ៥៦០.០០០នាក់កាលពីឆ្នាំមុន។
ផែនការនេះក៏អំពាវនាវឱ្យមានការចែកចាយសៀវភៅសិក្សា និងសម្ភារៈបង្រៀនភាសាកូរ៉េកាន់តែទូលំទូលាយទៅកាន់សាលារៀននៅបរទេស និងសហគមន៍ជនភៀសខ្លួនស្របតាមតម្រូវការក្នុងស្រុកផងដែរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





