ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ១ខ្សែនៅខេត្តបាត់បំបង
AKP ភ្នំពេញ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ -- ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន ១ខ្សែ ប្រវែង ៤.០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ដោយមានចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម៉ែត្រ និងកម្រាស់ ០,២ម៉ែត្រ សាងសង់ស្ពានបេតុងចំនួន ១កន្លែង ប្រវែង ១៨ម៉ែត្រ ទទឹង ៨ម៉ែត្រ លូមូលមុខបីចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅភូមិអូរច្រាប ទៅភូមិបឹងរុន ឃុំចំការចេក និងឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ដែលអនុវត្តដោយនាយកដា្ឋនស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

ការត្រួតពិនិត្យ និងវាយតម្លៃខាងលើនេះ មានការចូលរួមពី ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ ក្រុមការងារ គ.ត.វ. នៃក្រសួងអភិវឌ្ឍន៍ជនបទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងនាយកដា្ឋនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ តំណាងអង្គភាពលទ្ធកម្ម និងតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ ដោយពួកគាត់បានបង្ហាញនូវសេចក្តីរំភើបរីករាយដែលទទួលបាននូវសមិទ្ធផលថ្មីបន្ថែមទៀតពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ។ កន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការស្ថាបនា ថែទាំ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីសម្រួលដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋទៅទទួលសេវាសាធារណៈនានា និងធ្វើអាជីវកម្ម ដែលជួយបង្កើនចំណូលក្នុងគ្រួសារ។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការ បានឯកភាពទទួលយក និងវាយតម្លៃបញ្ចប់សុពលភាពផ្លូវខាងលើ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)





