អភិបាលរងខេត្តកណ្ដាល ចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រជាពលរដ្ឋជួបគ្រោះរាំងស្ងួតនៅស្រុកកណ្ដាលស្ទឹង
AKP កណ្ដាល ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ផ្ទៃដីស្រូវវស្សារបស់ប្រជាកសិករប្រមាណជាង ១ពាន់ហិតា នៅក្នុងឃុំចំនួន ១០ នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល កំពុងរងផលប៉ះពាល់ដោយ គោកស្ងួតខ្វះទឹកស្រោចស្រង់ នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរស្រុកកណ្ដាលស្ទឹង ចុះជួយសង្គ្រោះស្រូវវស្សាដែលកំពុងរកផលប៉ះពាល់ គោកស្ងួតខ្វះទឹកស្រោចស្រព ដើម្បីធានាឱ្យស្រូវទាំងនោះមិនរងការខូចខាតដោយការខ្វះទឹកស្រោចស្រពឡើយ។

ក្នុងឱកាសចុះជួយសង្គ្រោះស្រូវវស្សាដែលកំពុងរងផលប៉ះពាល់នេះដែរ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកណ្ដាល ត្រូវដាក់ម៉ាស៊ីនបូមទឹកបន្ថែមលើចំនួនម៉ាស៊ីនបូមទឹកដែលកំពុងបូមជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ហើយអាជ្ញាធរស្រុកកណ្ដាលស្ទឹង ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត រកទីតាំងដែលកំពុងប្រឈម និងតម្រូវការចាំបាច់ក្នុងការជួយសង្គ្រោះស្រូវរបស់ប្រជាកសិករ ពិសេសរៀបចំក្រុមការងារក្នុងការមើលថែ និងតាមដានម៉ាស៊ីនជាប្រចាំ ដើម្បីធានាថាម៉ាស៊ីនបូមទឹកបានបូមទឹកទម្លាក់ដល់ប្រជាកសិករក្នុងការបូមចូលស្រែរបស់ពួកគាត់ ។

តាមការឱ្យដឹងពីលោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង ទូទាំងស្រុកកណ្ដាលស្ទឹង មានផ្ទៃដីអនុវត្តបង្កបង្កើនផលស្រូវវស្សាសរុបចំនួន ២ ៤២៣ ហិកតា បានរងផលប៉ះពាល់ដោយគោកស្ងួតខ្វះទឹកស្រោចស្រព្យ ចំនួន ១ ១៤១ ហិកតា ៕


ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





