លីបង់ និងអ៊ីស្រាអែល បើកកិច្ចចរចាផ្ទាល់លើកទី៧ នៅទីក្រុងរ៉ូម
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ -- កិច្ចចរចាដោយផ្ទាល់ជុំទីប្រាំពីររវាងប្រទេសលីបង់ និងអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃអង្គារ នៅរដ្ឋធានីរ៉ូមរបស់ប្រទេសអ៊ីតាលី ក្រោមការឧបត្ថម្ភពីសហរដ្ឋអាមេរិក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយលីបង់។
ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) បាននិយាយថា គណៈប្រតិភូមកពីភាគីទាំងពីរកំពុងចូលរួមក្នុងកិច្ចចរចា ដើម្បីពិភាក្សាអំពីឯកសារទាក់ទងនឹងការអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌសម្របសម្រួលដោយសហរដ្ឋអាមេរិកដែលបានចុះហត្ថលេខាកាលពីខែមិថុនា រវាងទីក្រុងបេរូត និងទីក្រុងតែលអាវីវ។
ទីភ្នាក់ងារសារព័ត៌មានអ៊ីតាលី ANSA បានបញ្ជាក់ពីការបើកកិច្ចចរចានេះ តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។
ទីក្រុងរ៉ូមបានរៀបចំកិច្ចចរចាជុំទីប្រាំមួយកាលពីថ្ងៃទី១៤ ខែមិថុនាបន្ទាប់ពីកិច្ចចរចាជុំទីប្រាំនៅទីក្រុងវ៉ាស៊ីនតោន ដែលនាំឱ្យមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌនៅថ្ងៃទី២៦ ខែមិថុនា។ កិច្ចព្រមព្រៀងនេះចែងអំពីការដកទ័ពរបស់អ៊ីស្រាអែលបន្តិចម្តងៗចេញពីទឹកដីលីបង់ដែលកាន់កាប់ទាំងអស់ ជាថ្នូរនឹងការដាក់ពង្រាយកងទ័ពលីបង់នៅក្នុងតំបន់ទាំងនោះ និងការរំសាយអាវុធរបស់ក្រុមប្រដាប់អាវុធ ដែលសំដៅទៅលើក្រុមហេសបូឡា។
កិច្ចចរចានេះកើតឡើងចំពេលដែលមានភាពតានតឹងជាបន្តបន្ទាប់តាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ប្រទេសលីបង់ និងការឈូសឆាយដីការរុះរើ និងប្រតិបត្តិការបំផ្ទុះរបស់អ៊ីស្រាអែលដែលកំណត់គោលដៅលើផ្ទះសម្បែង និងរចនាសម្ព័ន្ធផ្សេងទៀតជាច្រើននៅក្នុងទីក្រុងភាគខាងត្បូង។
ចាប់តាំងពីថ្ងៃទី០២ ខែមីនាមក ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់បានសម្លាប់មនុស្សចំនួន ៤.៣៣៣នាក់ និងរបួសចំនួន១២.២៣៦នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់។
អ៊ីស្រាអែលបានបន្តការវាយប្រហាររបស់ខ្លួន បើទោះបីជាមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង «រូបមន្តក្របខ័ណ្ឌ» រវាងទីក្រុងបេរូត និងទីក្រុងតែលអាវីវ ដែលឧបត្ថម្ភដោយសហរដ្ឋអាមេរិក នៅថ្ងៃទី២៦ ខែមិថុនាក៏ដោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





