លោកជំទាវបណ្ឌិត Anne Aly រដ្ឋមន្ត្រីអូស្ត្រាលីទទួលបន្ទុកកិច្ចការអភិវឌ្ឍអន្តរជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅប្រទេសកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត Aly បានប្រកាសផ្តល់ថវិកាបន្ថែមចំនួន ៣ លានដុល្លារអូស្ត្រាលី សម្រាប់ប្រព័ន្ធគាំពារសង្គម ដើម្បីជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការឆ្លើយតបទៅនឹងសម្ពាធសេដ្ឋកិច្ចដែលកំពុងប៉ះពាល់ដល់ពលរដ្ឋងាយរងគ្រោះបំផុត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជាកាលពីថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៦។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា អូស្ត្រាលីកំពុងគាំទ្រដល់សន្តិសុខស្បៀង ភាពធន់នៃសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាននៅទូទាំងតំបន់មេគង្គ រួមទាំងនៅក្នុងប្រទេសកម្ពុជាផងដែរ។ ក្នុងនោះ លោកជំទាវបណ្ឌិត Aly បានប្រកាសផ្តល់ថវិកាចំនួន ៩ លានដុល្លារអូស្ត្រាលី សម្រាប់ដំណាក់កាលថ្មីនៃកម្មវិធីបច្ចេកវិទ្យាជណ្តើរត្រីរបស់មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។
លោកជំទាវបណ្ឌិត Aly ក៏បានអញ្ជើញទៅពិនិត្យមើលសកម្មភាពជាក់ស្តែងនៃកម្មវិធីអភិវឌ្ឍន៍របស់យើង រួមទាំងគំនិតផ្តួចផ្តើមនានាក្នុងការកសាងភាពធន់នៃសេដ្ឋកិច្ច ការគាំទ្រសមភាពយេនឌ័រ និងបរិយាបន្នជនពិការ ព្រមទាំងការលើកកម្ពស់ទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគ។

នៅក្នុងជំនួបសំណេះសំណាលជាមួយអតីតនិស្សិតអាហារូបករណ៍អូស្ត្រាលី (Australia Awards alumni) និងអ្នកស្ម័គ្រចិត្តអូស្ត្រាលី លោកជំទាវបណ្ឌិត Aly បានគូសបញ្ជាក់ពីរបៀបដែលគំនិតផ្តួចផ្តើមទាំងនេះបានរួមចំណែកដល់លទ្ធផលអភិវឌ្ឍន៍ដ៏រឹងមាំ ព្រមទាំងធ្វើឱ្យទំនាក់ទំនងរវាងប្រជាជន និងប្រជាជនកាន់តែជិតស្និទ្ធ ។
តាមរយៈជំនួបពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន លោកជំទាវបណ្ឌិត Aly បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងនាមជាដៃគូដ៏រឹងមាំ និងគួរឱ្យទុកចិត្តបំផុត៕

ដោយ៖ ទូច វលក័្ខណ (ប្រភព៖ស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា)





