មូលនិធិ SDF ទទួលបានពានរង្វាន់ឆ្នើម ២ឆ្នាំជាប់គ្នា ក្នុង «វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦»
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦–មូលនិធិអភិវឌ្ឍជំនាញ SDF នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសាងសមិទ្ធផលគួរឱ្យកត់សម្គាល់ ដោយទទួលបានពានរង្វាន់ «បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម សម្រាប់បរធនបាលកិច្ចសាធារណៈ» រយៈពេល ២ ឆ្នាំជាប់ៗគ្នា (២០២៤ និង ២០២៥) ក្នុង វេទិកាបរធនបាលកិច្ច ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរធនបាលកិច្ចក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ និងសមិទ្ធផលក្នុងរយៈពេល ៥ ឆ្នាំ» ដែលរៀបចំឡើងដោយនិយ័តករបរធនបាលកិច្ច នាថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ពានរង្វាន់សម្រាប់បរធនបាលរូបវន្តបុគ្គលឯករាជ្យឆ្នើម ត្រូវបានផ្តល់ជូនត្រឹមតែ ៣ ប៉ុណ្ណោះ ហើយការទទួលបានពានរង្វាន់នេះ គឺជាការទទួលស្គាល់នូវការខិតខំប្រឹងប្រែង និងទំនុកចិត្តលើការគ្រប់គ្រងមូលនិធិសាធារណៈរបស់ SDF ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។ សមិទ្ធផលនេះ ក៏ជាការឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងវិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល ក្នុងការអភិវឌ្ឍជំនាញកម្លាំងពលកម្មឱ្យឆ្លើយតបចំតម្រូវការទីផ្សារការងារ។

មូលនិធិ SDF សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ និយ័តករបរធនបាលកិច្ច ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលតែងតែជឿទុកចិត្ត និងរួមចំណែកដល់សមិទ្ធផលនេះ។

គួររំឭកថា SDF ត្រូវបានបង្កើតឡើងជា បរធនបាលកិច្ចសាធារណៈ (National Trust Fund) ក្នុងឆ្នាំ ២០២៣ ក្រោមការគ្រប់គ្រងរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ SDF មានគោលបំណងជំរុញភាពជាដៃគូពិតប្រាកដរវាងវិស័យឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ការអភិវឌ្ឍជំនាញឱ្យឆ្លើយតបចំតម្រូវការទីផ្សារការងារ សំដៅជំរុញកំណើនសេដ្ឋកិច្ច និងប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០៕
ដោយ៖ ណយ នឿន (ប្រភព៖SDF)





