អភិបាលរងខេត្តកណ្ដាល ឱ្យអាជ្ញាធរក្រុង ស្រុក ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីការងារគណនេយ្យភាពសង្គម
AKP កណ្តាល ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦–លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល ជំរុញឱ្យអាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ បន្តផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់អំពីការងារគណនេយ្យភាពសង្គម។ ជាមួយគ្នានេះ ត្រូវតាមដាន និងត្រួតពិនិត្យលើការរៀបចំផែនការ ព្រមទាំងការប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំ-សង្កាត់ ឱ្យមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ព្រមទាំងត្រូវធ្វើបច្ចុប្បន្នភាពផែនការ និងសកម្មភាពការងាររបស់ខ្លួនឱ្យបានច្បាស់លាស់ជាប្រចាំ ។

លោក អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ដូចនេះ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ នៅពេលអញ្ជើញដឹកនាំ «កិច្ចប្រជុំបូកសរុបលទ្ធផលការងារគណនេយ្យភាពសង្គមខេត្ត ប្រចាំឆមាសទី១ ឆ្នាំ២០២៦» ដោយមានការអញ្ជើញចូលរួមពី មន្ទីរ-អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍នានា។

លោក ប្រាក់ សារ៉ាត បានគូសបញ្ជាក់ទៀតថា កិច្ចប្រជុំនេះមានសារសំខាន់ណាស់ ក្នុងការពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តការងារគណនេយ្យភាពសង្គមប្រចាំឆមាសទី១ ក៏ដូចជាការជួបជុំដើម្បីចែករំលែកមេរៀន បទពិសោធន៍ និងវិធីសាស្ត្រល្អៗ។ លើសពីនេះ កិច្ចប្រជុំក៏បានលើកឡើងនូវបញ្ហាប្រឈមផ្សេងៗ ដើម្បីរួមគ្នាស្នើសុំដំណោះស្រាយ សំដៅធ្វើឱ្យការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងភូមិសាស្ត្រខេត្តកណ្តាលកាន់តែមានភាពរលូន និងទទួលបានជោគជ័យបន្ថែមទៀត។ ការងារគណនេយ្យភាពសង្គម មានចក្ខុវិស័យផ្ដោតលើការពង្រឹងភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ប្រជាពលរដ្ឋ ក្នុងការចូលរួមគ្រប់គ្រង ចាត់ចែង ការប្រើប្រាស់ថវិកា និងការផ្ដល់សេវាសាធារណៈនៅមូលដ្ឋាន។

លោក ប្រាក់ សារ៉ាត បន្ថែមថា ការងារនេះធ្វើឡើងតាមរយៈការលើកកម្ពស់ការទទួលបានព័ត៌មាន និងការចូលរួមតាមដាន ត្រួតពិនិត្យលើកិច្ចការថវិកា ក៏ដូចជាការបំពេញការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរុញច្រានដំណើរការកំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕
ដោយ៖ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





