អង្គការ Oxfam រៀបចំវគ្គបណ្តុះបណ្តាលលើជំនាញនិយាយជាសាធារណៈដល់រាជធានី ខេត្ត
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦–អង្គការអុកស្វាម Oxfam បានរៀបចំវគ្គបណ្តុះបណ្តាលលើជំនាញនិយាយជាសាធារណៈ និងជំនាញធ្វើបទបង្ហាញទៅកាន់ដៃគូអនុវត្តគម្រោង យុវជន និងគណកម្មការសហគមន៍ ចំនួន ៣៥ នាក់ ដែលមកពីរាជធានីភ្នំពេញ សៀមរាបវ បន្ទាយមានជ័យ និងឧត្តរមានជ័យ។នេះបើតាមការឱ្យដឹងពីអង្គការ Oxfam បានឱ្យដឹងនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ ។

តាមរយៈវគ្គបណ្តុះបណ្តាល និងការអនុវត្តជាក់ស្តែង អ្នកចូលរួមបានពង្រឹងសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង ការធ្វើបទបង្ហាញ និងការនិយាយជាសាធារណៈប្រសើរជាងមុន ធ្វើឱ្យពួកគាត់មានទំនុកចិត្តខ្ពស់ជាងមុនក្នុងការចូលរួមសន្ទនាជាមួយភាគីពាក់ព័ន្ធ អ្នកធ្វើការសម្រេចចិត្ត និងជំរុញសកម្មភាពនានាដែលឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅក្នុងសហគមន៍របស់ពួកគាត់។ អង្គការ Oxfam ជឿជាក់ថា ការផ្លាស់ប្តូរប្រកបដោយនិរន្តរភាពកើតឡើងនៅពេលដែលអ្នកដឹកនាំមូលដ្ឋានមានទំនុកចិត្ត និងជំនាញគ្រប់គ្រាន់ក្នុងការធ្វើឱ្យសំឡេងរបស់ពួកគាត់ត្រូវបានគេស្តាប់ឮ។ ជំនាញនិយាយជាសាធារណៈ និងការធ្វើបទបង្ហាញនេះ មិនមែនគ្រាន់តែជាការនិយាយប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍ដ៏សំខាន់សម្រាប់ជំរុញឱ្យមានសកម្មភាពជាក់ស្តែងផងដែរ។

ជាមួយនឹងសមត្ថភាពទាំងនេះ យុវជន និងគណកម្មការសហគមន៍ កាន់តែមានភាពរឹងមាំក្នុងការតស៊ូមតិដើម្បីសកម្មភាពអាកាសធាតុដែលមានបរិយាបន្នភាព និងការកសាងភាពធន់របស់សហគមន៍ទាំងសម្រាប់បច្ចុប្បន្ន និងអនាគត ៕

ដោយ៖ណយ នឿន (ប្រភព៖Oxfam)





