ស្ពានបេតុង និងផ្លូវ ដែលជាចំណងដៃរបស់សម្តេចតេជោ ឆ្លងកោះចំរើន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
AKP កណ្ដាល ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦-- ស្ពានបេតុង និងផ្លូវ ដែលជាចំណងដៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ចំថ្ងៃចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់សម្ដេចតេជោ ជូនប្រជាពលរដ្ឋនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

មានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនេះដែរ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា សមិទ្ធផលដែលដាក់សម្ពោធនាឱកាសនេះកើតចេញពីការផ្ដួចផ្ដើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី អាណត្តិទី៦ បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បន្ទាប់ពីមានឧបទ្ទវហេតុដ៏សោកសៅមួយបានលិចទូកដរ ធ្វើឱ្យសិស្សានុសិស្សចំនួន១១ នាក់បានស្លាប់ កាលពីឆ្នាំ២០២៣កន្លងមក។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានពាំនាំនូវការចូលរួមសោកស្ដាយ និងរំលែកទុក្ខរបស់សម្ដេចតេជោជូនដល់ក្រុមគ្រួសារ ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនោះ។ សមិទ្ធផលដែលជាប្រវត្តិសាស្ត្រសម្រាប់អ្នកភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក គឺជាសមិទ្ធផលដែលកើតចេញពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំ និងដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការសាងសង់នូវសមិទ្ធផលទាំងនេះ។ បន្ទាប់ពីទទួលបានសមិទ្ធផលទាំងអស់នេះរួចហើយ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ គោរពច្បាប់ចរាចរណ៍ បើកបរប្រកបដោយការទទួលខុសត្រូវ បើកបរកុំលើសល្បឿនកំណត់ និងចូលរួមថែរក្សានៅសមិទ្ធផលទាំងនេះ ឱ្យប្រើប្រាស់សម្រាប់ជាគុណប្រយោជន៍របស់យើងទាំងអស់គ្នា ឱ្យបានគង់វង្សយូរអង្វែង ពិសេសត្រូវរួមគ្នាសំអាតអនាម័យបរិស្ថាន នៅតាមដងផ្លូវ ធ្វើយ៉ាងណាឱ្យភូមិកោះចំរើនរបស់យើង ក្លាយជាភូមិមួយដែលមានអនាម័យ បរិស្ថានល្អ សម្រាប់យើងទាំងអស់គ្នា។

នារដូវទឹកឡើងខាងមុខនេះ ឯកឧត្តមអភិបាលខេត្តកណ្ដាលបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមមើលថែសមាជិកក្រុមគ្រួសារ សូមមានការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរតាមផ្លូវទឹក ម្ចាស់ទូកដ ត្រូវត្រៀមឧបករណ៍សុវត្ថិភាព ដូចជាអាវសុវត្ថិភាព ពោងសុវត្ថិភាព ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ពេលមានបញ្ហាណាមួយកើតមានឡើង ហើយអាជ្ញាធរមូលដ្ឋាន មន្ទីរពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យគ្រប់ម្ចាស់ទូកដរដែលកំពុងធ្វើអាជីវកម្មនៅលើមូលដ្ឋានខេត្តកណ្តាល អោយពួកគាត់ត្រូវមានឧបករណ៍សុវត្ថិភាព សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ស្ពានបេតុងដែលឆ្លងទៅកោះចំរើននេះមានប្រវែង៥៤ម៉ែត្រ ទទឹង៨ម៉ែត្រ ដាក់លូជ្រុងមុខកាត់២ម៉ែត្រ ប្រវែង១២ម៉ែត្រ និងផ្លូវចាក់បេតុងអាមេ ប្រវែង៣០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ក្រោមការផ្ដួចផ្ដើមសាងសង់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ថ្ងៃចម្រើនជន្មាយុគម្រប់៧៤ឆ្នាំ ឈានចូល៧៥ឆ្នាំរបស់សម្តេចតេជោ ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងឯកឧត្តម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦នេះ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





