អង្គការ World Vision រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្ការ និងគ្រប់គ្រងការចម្លងរោគ
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--អង្គការទស្សនៈពិភពលោកអន្តរជាតិកម្ពុជា World Vision តាមរយៈកម្មវិធីសុខភាព និងអាហារូបត្ថម្ភ សហការជាមួយមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP) នៃក្រសួងសុខាភិបាល បានរៀបចំ «វគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការបង្ការ និងគ្រប់គ្រងការចម្លងរោគ (IPC)» នៅខេត្តក្រចេះ និងខេត្តសៀមរាប។

មន្ត្រីអង្គការ World Vision បានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ថា គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ គឺពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ឱ្យក្លាយជាគ្រូបង្គោល ដើម្បីចែករំលែកចំណេះដឹងបន្តដល់បុគ្គលិកមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិ (VHSG) លើការងារ អនាម័យដៃ និងផ្លូវដង្ហើម ព្រមទាំងការប្រើប្រាស់សម្ភារការពារខ្លួន (PPE) ការគ្រប់គ្រងសំណល់ និងសុវត្ថិភាពបរិស្ថាន និង ការអប់រំសុខភាពតាមខ្នងផ្ទះ ការរកករណីជំងឺ និងការបញ្ជូនអ្នកជំងឺ ។វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមពីសិក្ខាកាម ៥០នាក់ មកពីមន្ទីរសុខាភិបាលខេត្តចំនួន ១០ និងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិចំនួន ១៨ ។

អង្គការ World Vision សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងសុខាភិបាល ដៃគូពាក់ព័ន្ធ និងសិក្ខាកាមទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មដើម្បីសុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋកម្ពុជា រួមគ្នាជាដៃគូ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល និងក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីការពារ លើកកម្ពស់ និងពង្រឹងសុខភាព អាហារូបត្ថម្ភ និងភាពធន់របស់សហគមន៍ ៕

ដោយ៖ ណយ នឿន (ប្រភព៖World Vision)





