គម្រោង PEARL ត្រួតពិនិត្យហានិភ័យនៃមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ មុនពេលចាប់ផ្តើមសកម្មភាពកសិកម្ម
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--មុនពេលដែលកសិករអាច ទទួលបានផលប្រយោជន៍ពីសកម្មភាពកសិកម្ម និងការរកប្រាក់ចំណូលចិញ្ចឹមជីវិតថ្មីៗ ដីដែលប្រកបរបរកសិកម្ម គម្រោង PEARL របសអង្គការ FAO ត្រូវធានាថា សកម្មភាពទាំងនេះប្រព្រឹត្តទៅត្រូវតែមានសុវត្ថិភាព។ នេះបើតាមការឱ្យដឹងពីអង្គការ FAO នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦ ។

គម្រោង PEARL បានសហការជាមួយអាជ្ញាធរមីនកម្ពុជា (CMAA) ដើម្បីវាយតម្លៃហានិភ័យនៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) នៅក្នុងតំបន់គោលដៅនៃខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។ ការវាយតម្លៃនេះពិនិត្យមើលតំបន់នានាដែលប្រើប្រាស់ដោយសហករណ៍កសិកម្ម ព្រៃសហគមន៍ និងតំបន់ការពារសហគមន៍ ដើម្បីកំណត់ពីគ្រោះថ្នាក់ដែលអាចកើតមានពីមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ (UXO) ព្រមទាំងស្វែងយល់អំពីហានិភ័យនានាដែលអាចប៉ះពាល់ដល់កសិករ និងសហគមន៍។ សកម្មភាពនេះមានសារៈសំខាន់ជាពិសេសនៅក្នុងតំបន់ដែលមានប្រវត្តិមានមីន និងតំបន់ដែលអាចមានការកខ្វក់ដោយសារមីន ឬយុទ្ធភណ្ឌមិនទាន់ផ្ទុះថ្មីៗ ដែលពាក់ព័ន្ធនឹងជម្លោះព្រំដែននាពេលថ្មីៗនេះ ។

លទ្ធផលទាំងនេះនឹងជួយឱ្យ គម្រោង PEARL និងដៃគូរបស់ខ្លួនអាចសម្រេចចិត្តបានថា តើទីកន្លែងណាខ្លះដែលសកម្មភាពនានាអាចអនុវត្តបានដោយសុវត្ថិភាព និងថាតើវិធានការបង្ការអ្វីខ្លះដែលចាំបាច់ត្រូវចាប់ផ្តើមការងារ។ នេះគឺជាជំហានដំបូងដ៏សំខាន់មួយ ដើម្បីធានាថា ការគាំទ្រដល់វិស័យកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងធនធានធម្មជាតិ និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ អាចទៅដល់សហគមន៍បាន ដោយមិនបង្កហានិភ័យដល់កសិករ និងប្រជាជនក្នុងតំបន់ឡើយ។

គម្រោង PEARL ដែលទទួលបានហិរញ្ញប្បទានពី GCF ត្រូវបានអនុវត្តរួមគ្នាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ក្រសួងបរិស្ថាន (MoE) និងអង្គការ FAO ៕
ដោយ៖ ណយ នឿន (ប្រភព៖FAO)





