ក្រសួងកសិកម្ម ចុះស្រង់ទិន្នន័យកសិករក្រីក្រនៅស្រុកថ្មគោល ដើម្បីជំរុញការដាំបន្លែក្នុងផ្ទះសំណាញ់
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្វើការស្រង់ទិន្នន័យ ទៅលើកសិករក្រីក្រនៅស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងគោលដៅសំខាន់បំផុតគឺដើម្បីលើកកម្ពស់ជីវភាព និងពង្រឹងភាពធន់ តាមរយៈការប្រែក្លាយទម្លាប់ធ្វើកសិកម្មនោះគឺ «ការដាំបន្លែក្នុងផ្ទះសំណាញ់» ។

គួរបញ្ជាក់ថាក្នុងពិធីនេះគេឃើញមានការចូលរួមផងដែរពីមន្រ្តីជាន់ខ្ពស់ស្រុក ,អនុប្រធានមន្ទីរកសិកម្មខេត្ត ព្រមទាំងមន្ត្រីជំនាញ មន្ត្រីកសិកម្មឃុំទាំងបី និងអាជ្ញាធរភូមិ-ឃុំពាក់ព័ន្ធ។

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២៦ថាក្រោមការអនុវត្តគម្រោង "EMPOWER"នេះគេរំពឹងថានឹង ជួយកសិករក្រីក្រឱ្យចំគោលដៅ និងមានប្រសិទ្ធភាព ។ក្នុងការស្រង់ទិន្នន័យដោយជាក់លាក់ និងការចុះប្រមូលទិន្នន័យកសិករក្រីក្រដែលមានលក្ខខណ្ឌគ្រប់គ្រាន់ និងចំគោលដៅពិតប្រាកដនោះ ដើម្បីធានាថាជំនួយ និងបច្ចេកវិទ្យាផ្ទះសំណាញ់បានទៅដល់ដៃអ្នកដែលត្រូវការបំផុត។

ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងដោយណែនាំយ៉ាងម៉ឺងម៉ាត់ដល់ក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយពង្រឹងកិច្ចសហការជិតស្និទ្ធ រវាងមន្ត្រីជំនាញ និងអាជ្ញាធរភូមិ-ឃុំ ដើម្បីក្តាប់បានពីតម្រូវការជាក់ស្តែង និងដោះស្រាយជូនកសិករបានទាន់ពេលវេលា។ជាមួយគ្នាត្រូវធានាឱ្យបាននូវទិន្នន័យច្បាស់លាស់ ក្នុងគោលបំណងឱ្យការអនុវត្តគម្រោង EMPOWER សម្រេចបានផលវិជ្ជមាន ប្រកបដោយប្រសិទ្ធភាពខ្ពស់៕
ដោយ៖មករា





