ថ្នាក់ដឹកនាំខេត្តកែបអញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទានដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តទាំង១៧ក្នុងខេត្តកែប
AKP កែប ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងលោកជំទាវ សោម ម៉ាលីដា បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តទាំង ១៧ ក្នុងភូមិសាស្ត្រខេត្តកែប កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងលោកជំទាវ សោម ម៉ាលីដា បានអញ្ជើញប្រគេនទៀនព្រះវស្សា បច្ច័យ និងទេយ្យទាន រួមមានគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងបរិក្ខារចាំបាច់ផ្សេងៗ ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តទាំង ១៧ ក្នុងខេត្តកែប សម្រាប់ប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សាអស់កាលត្រីមាស។

បន្ទាប់ពីពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទានរួចមក ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានមានប្រសាសន៍ថា ពិធីប្រគេនទៀនព្រះវស្សា និងទេយ្យទាន គឺជាប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលបានប្រតិបត្តិបន្តគ្នាតាំងពីបុរាណកាលមក ក្នុងគោលបំណងគាំទ្រ និងទំនុកបម្រុងដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា ស្របតាមពុទ្ធប្បញ្ញត្តិ ព្រមទាំងជាការបង្ហាញនូវសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ។

ឯកឧត្តមបណ្ឌិត បានបន្តថា ព្រះពុទ្ធសាសនា គឺជាមូលដ្ឋានគ្រឹះនៃការអប់រំសីលធម៌ គុណធម៌ និងការកសាងធនធានមនុស្សឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម ដូច្នេះ ការចូលរួមថែរក្សា គាំទ្រ និងលើកស្ទួយព្រះពុទ្ធសាសនា គឺជាភារកិច្ចរួមរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋគ្រប់រូប។

ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ ក៏បានអំពាវនាវដល់មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋទាំងអស់ បន្តរួមគ្នាថែរក្សា អភិរក្ស និងលើកស្ទួយព្រះពុទ្ធសាសនា ព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអំពើល្អ ការរស់នៅប្រកបដោយសីលធម៌ សាមគ្គីភាព និងការអធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍខេត្តកែបឱ្យកាន់តែមានការរីកចម្រើន៕
ដោយ AKP





