យោធភូមិភាគទី៤ ប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្ដាលពេទ្យសង្គ្រោះជំនាន់ទី៣ ឆ្នាំ២០២៦ ដល់បណ្តាអង្គភាពចំណុះ នៅសាលាពលទាហានទី៤
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦–ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៏ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការ យោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្ដាលពេទ្យសង្គ្រោះជំនាន់ទី៣ ដល់សិក្ខាកាមតាមបណ្តាអង្គភាពចំណុះ យោធភូមិភាគទី៤ ឆ្នាំ២០២៦ នៅសាលាពលទាហានទី៤ ថ្ងៃទី០៣ ខែសីហាឆ្នាំ២០២៦។

ពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោក សំកុល សុចិត្រា អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, មន្ទីសុខាភិបាលខេត្តសៀមរាប, តំណាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប, នាយករង នាយកដ្ឋានសុខាភិបាលក្រសួងការពារជាតិ, នាយករង ទីចាត់ការសុខាភិបាល អគ្គបញ្ជាការ, នាយរង ការិយាល័យសុខាភិបាល កងទ័ពជើងគោក ព្រមទាំង មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង, កងពលតូចថ្មើរជើងលេខ៤១, ៤២ តំបន់ប្រតិបត្តិការសឹករងខេត្តទាំង៤, កងការពារព្រំដែនគោកលេខ៤០២, ៤០៣ ការិយាល័យទាំង១៨ ផ្នែកលេខាធិការដ្ឋាន, នាយកសាលាពលទាហានទី៤, នាយកមន្ទីរពេទ្យ និងបណ្តាអង្គភាពចំណុះ យោធភូមិភាគទី៤ ផងដែរ។

លោកវរសេនីយ៍ឯក គឹម សុខាឫទ្ធិ បានឡើងអានមតិស្វាគមន៍ និងរបាយការណ៍ស្តីពីការបិទវគ្គហ្វឹកហ្វឺនបណ្តុះបណ្ដាលពេទ្យសង្គ្រោះជំនាន់ទី៣ ឆ្នាំ២០២៦ ដល់បណ្តាអង្គភាពចំណុះ យោធភូមិភាគទី៤ ជូនដល់អង្គពិធីទាំងមូលបានជ្រាប។
តំណាងកម្មសិក្សាការីក្នុងវគ្គហ្វឹកហ្វឺនម្នាក់បានឡើងធ្វើការប្តេជ្ញាថា ក្រោយពីបិទបញ្ចប់វគ្គបណ្តុះបណ្តាលនាពេលនេះ និងបន្តខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរៀនសូត្របន្ថែមទៀត។ ព្យាយាមអភិវឌ្ឍនខ្លួនអោយកាន់តែមានសម្ថភាព និងស្ទាត់ជំនាញ ដើម្បីបំរើការងារឲ្យអង្គភាពទទួលបានលទ្ធផលល្អ។ គោរពប្រតិបត្តិឲ្យបាននូវច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា លក្ខន្តិកៈ បទវិន័យទូទៅ និងវិន័យផ្ទៃក្នុង នៃកងយោធពលខេមរភូមិន្ទ អោយបានជាដាច់ខាត។ ជៀសវាងអោយឆ្ងាយពីការប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ។ ស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ និងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

លោកឧត្តមសេនីយ៍ត្រី ជុយ សីហា បានធ្វើការផ្តាំផ្ញើរដល់ កម្មសិក្សាការីទាំងអស់ ក្រោយពីបិទបញ្ចប់វគ្គបណ្តុះបណ្តាលនេះទៅ ត្រូវបន្តខិតខំយកចិត្ដទុកដាក់សិក្សាស្រាវជ្រាវ បន្ថែម ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនឲ្យកាន់តែស្ទាត់ជំនាញ ដើម្បីរួមចំណែកកសាងធនធានមនុស្សក្នុងជួរកងយោធពលខេមរភូមិន្ទ ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាព ក្នុងបុព្វហេតុពង្រឹងខឿនការពារជាតិ។ ត្រួតពិនិត្យ និងទុកដាក់នូវរាល់សម្ភារៈប្រើប្រាស់អោយរៀបរយ និងមានការប្រុងប្រយ័ត្នខ្ពស់។ ត្រៀមខ្លួនឲ្យបានរួចជាស្រេច និងរងចាំទទួលនូវរាល់បទបញ្ជាដែលថ្នាក់លើបានប្រគល់ឲ្យ ក្នុងការជួយសង្គ្រោះដល់យុទ្ធមិត្ត និងប្រជាជន ដែលទទួលរងនូវផលប៉ះពាល់ដោយគ្រោះថ្នាក់ធម្មជាតិ ដែលអាចកើតមានឡើងជាយថាហេតុបានទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ លោកមេបញ្ជាការរង បានអញ្ជើញជាកិត្តិយសប្រគល់នូវវិញ្ញាបនបត្របញ្ជាក់ការសិក្សាជូនដល់កម្មសិក្សាការីទាំងអស់ផងដែរ។
ដោយ៖ សំសាម៉ន , ប្រភព៖ កងទ័ពជើងគោក





