សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញសំណេះសំណាល និងចែកអំណោយជូនកម្មករ-កម្មការិនី ៨៦នាក់
AKPភ្នំពេញថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦-- សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដើម្បីចូលរួមសម្រាលទុក្ខលំបាក និងការគិតគូរពីជីវភាពរស់នៅរបស់បងប្អូនកម្មករ-កម្មការិនីចំនួន ៨៦នាក់ ដែលកំពុងសាងសង់អគារសាលប្រជុំ ស្ថិតក្នុងបរិវេណវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ដែលស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលារសៀលថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ។
ពិធីសំណេះសំណាល និងចែកអំណោយមនុស្សធម៌នេះ ក៏មានព្រះរាជវត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ យាងចូលរួមជាព្រះអធិបតី និងប្រោសព្រះរាជទានពរជ័យ ដល់អង្គពិធីទាំងមូលផងដែរ។


នៅក្នុងឱកាសនោះ បងប្អូនកម្មករ-កម្មការិនីទាំង ៨៦នាក់ ម្នាក់ៗទទួលបាននូវ សារុងចំនួន ២ និងថវិកាចំនួន ១០ ម៉ឺនរៀល ដែលជាសទ្ធាជ្រះថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីយកទៅប្រើប្រាស់ និងសម្រាលជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងបានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមប្រោះព្រំ ប្រសិទ្ធពរជ័យបវរមហាប្រសើរជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ សូមមានសុខភាពល្អនិងជន្មាយុយឺនយូរជាងរយឆ្នាំ ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋកម្ពុជាជាយូរអង្វែងតរៀងទៅ។

សកម្មភាពមនុស្សធម៌ដ៏ប្រពៃថ្លៃថ្លានេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទឹកចិត្តស្មោះសរ និងមនោសញ្ចេតនាស្រឡាញ់ដ៏ជ្រាលជ្រៅរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្ដេចតែងតែយកចិត្តទុកដាក់ គិតគូរជាប់ជាប្រចាំពីសុខទុក្ខ និងការលំបាករបស់ប្រជារាស្ត្រនៅទូទាំងព្រះរាជាណាចក្រកម្ពុជា៕


ដោយ ៖ ពេជ្រ សំអឿន(ប្រភព កាកបាទក្រហមកម្ពុជា)





