ដែនដីដ៏ពិសិដ្ឋរបស់ឥណ្ឌា
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ -- “កន្លែងដែលពីរឿងរ៉ាវអតីតកាលជួបជាមួយភាពជឿនលឿនសម័យថ្មី រដ្ឋម៉ាដ្យាប្រាដែស (Madhya Pradesh) លាតត្រដាងរូបរាងឡើងក្នុងនាមជាព្រលឹងដ៏រស់រវើករបស់ប្រទេសឥណ្ឌា។”
នៅចំកណ្តាលផែនទីនៃប្រទេសឥណ្ឌា មានរដ្ឋមួយដែលពោរពេញដោយប្រវត្តិសាស្ត្រ និងជីវិតរស់រវើក។ រដ្ឋម៉ាដ្យាប្រាដែស មិនមែនគ្រាន់តែជាតំបន់ទេសចរណ៍មួយនោះទេ តែវាជាកន្លែងដែលផ្ទុកនូវការចងចាំតាំងពីយូរលង់ណាស់មកហើយ។ នៅទីនេះ អ្នកនឹងឃើញតាំងពីរូងភ្នំបុរាណដែលមនុស្សសម័យដើមគូររូបលើផ្ទាំងថ្ម រហូតដល់ប្រាសាទខ្ពស់ៗដែលមានសំឡេងសូត្រធម៌ លាយឡំជាមួយខ្យល់បក់ពីទន្លេ Narmada។
ចំណុចចាប់ផ្តើមនៃអរិយធម៌
តាំងពីមុនពេលមានស្តេចសោយរាជ្យទៅទៀត រូងភ្នំថ្ម Bhimbetka នៅជិតទីក្រុង Bhopal បានក្លាយជាសាក្សីបញ្ជាក់ពីសិល្បៈដំបូងបំផុតរបស់មនុស្សជាតិ បន្សល់ទុកនូវផ្ទាំងគំនូររបស់មនុស្សសម័យដើម ដែលគូរពីរូបអ្នកបាញ់សត្វ និងសត្វព្រៃផ្សេងៗ។ រូងភ្នំដែលត្រូវបានការពារដោយអង្គការយូណេស្កូ (UNESCO) មានអាយុកាលជាង ៣០,០០០ ឆ្នាំ និងជាភស្តុតាងចាស់ជាងគេមួយនៅលើពិភពលោកដែលបង្ហាញពីការស្រមើស្រមៃរបស់មនុស្សសម័យនោះ។
សាច់រឿងបន្ទាប់មកត្រូវបានលាតត្រដាងតាមរយៈរាជវង្ស និងសេចក្តីជំនឿ ចេតិយ Sanchi ទីដែលកេរដំណែលរបស់ព្រះបាទ Ashoka ធ្វើពីថ្មភក់ ។ ប្រាសាទ Khajuraho ដែលមានរូបចម្លាក់យ៉ាងស្រស់ស្អាតដែលបង្ហាញពីជីវិត និងសេចក្តីជំនឿ។ កន្លែងប្រវត្តិសាស្ត្រផ្សេងៗទៀត មានដូចជា វាំងនៅទីក្រុង Mandu, ទេសភាពមាត់ទន្លេដ៏ស្អាតនៅទីក្រុង Maheshwar, និងបន្ទាយដ៏ធំនៅទីក្រុង Gwalior ដែលកន្លែងទាំងអស់នេះសុទ្ធតែបានប្រាប់រៀបរាប់ពីជំពូកនីមួយៗនៃភាពជ័យជម្នះ ពាណិជ្ជកម្ម សិល្បៈនិងសេចក្តីជំនឿ។
វប្បធម៌ និងភាពស៊ីវិល័យ
គ្រប់ច្រកល្ហកនៃរដ្ឋម៉ាដ្យាប្រាដែស សុទ្ធតែមានវប្បធម៌ប្លែកៗគ្នា៖
ទីក្រុង Ujjain៖ ជាទីក្រុងសាសនា និងតារាសាស្ត្រដ៏ចំណាស់មួយនៅតែបន្តជាតំបន់ពោរពេញដោយ ជំនឿ និងវិទ្យាសាស្ត្រ។
ទីក្រុង Indore៖ ដែលអ៊ូអរ សម្បូរអ្នករកស៊ី និងមានក្លិនឈ្ងុយនៃម្ហូបតាមផ្លូវ។ ទីក្រុងនេះ ជាប់ឈ្មោះជាទីក្រុងស្អាតជាងគេនៅឥណ្ឌា ៧ឆ្នាំជាប់ៗគ្នា ទីក្រុងនេះឈរជាតំណាងនៃមោទនភាពរបស់ប្រជាពលរដ្ឋ និងសេចក្តីប្រាថ្នាសម័យទំនើប។
ជីវិត និងប្រពៃណីរបស់ជនជាតិដើម
នៅហួសពីទីក្រុង គឺជាមរតកវប្បធម៌រស់រវើក ដែលមានមានជនជាតិដើមដូចជា Gond, Bhil, Baiga, Korku និង Sahariya ដែលរស់នៅតាមព្រៃ ជាមួយនឹងរឿងព្រេង និងតន្ត្រីរបស់ពួកគេ។ ជាពិសេស គំនូរជនជាតិ Gond ដែលធ្លាប់តែត្រូវបានគូរនៅលើជញ្ជាំងភក់ ឥឡូវនេះមានគេស្គាល់ និងដាក់តាំងទូទាំងពិភពលោកដែលបានបំប្លែងរឿងព្រេងប្រជាប្រិយទៅជាវិចិត្រសិល្បៈដ៏ប្រណិត។
នៅរដ្ឋនេះ គីមានម្ហូបអាហារតាមតំបន់ដ៏សម្បូរបែប ឆ្ងាញ់ៗនិងមានច្រើនមុខដូចជា៖ តំបន់ Malwa ដែលល្បីខាងម្ហូបសម្ល dal bafla រួមជាមួយគ្រឿងទេសឈ្ងុយឆ្ងាញ់។ អាហារតាមដងផ្លូវទីក្រុង Indore មានតាំងពីអាហារពេលព្រឹក poha និងនំ jalebi ដ៏ស្រួយឆ្ងាញ់ រហូតដល់នំ samosas និងនំ Ratlami sev ដែលមានរសជាតិហឹរ។ ម្ហូបជនជាតិដើម និងម្ហូបរាជវាំងដែលមានតាំងពីការអាំងរុក្ខជាតិព្រៃ រហូតដល់ម្ហូបសាច់អាំង kebabs និងសម្លការីលំដាប់រាជវាំងដ៏ឈ្ងុយឆ្ងាញ់។
ធម្មជាតិ និងសត្វព្រៃ
រដ្ឋម៉ាដ្យាប្រាដែសគឺជាដែនដីសត្វខ្លាធំៗរបស់ប្រទេសឥណ្ឌា។ ឧទ្យានជាតិដូចជា Kanha, Bandhavgarh, Penchនិង Satpura គឺជាកន្លែងដ៏ល្អបំផុតមួយនៅលើពិភពលោកសម្រាប់ការគយគន់សត្វខ្លានៅក្នុងព្រៃធម្មជាតិ។
ការរៀបចំកន្លែងស្នាក់នៅ និងការដើរព្រៃនៅទីនេះ ធ្វើឡើងយ៉ាងយកចិត្តទុកដាក់ចំពោះបរិស្ថាន ដែលធ្វើឱ្យភ្ញៀវមិនត្រឹមតែបានមើលសត្វទេ តែថែមទាំងទទួលបានចំណេះដឹងទៀតផង។ ទេសភាពនៃរដ្ឋនេះ ចាប់ពីច្រាំងថ្មម៉ាបនៃ Bhedaghat រហូតដល់ជួរភ្នំ Satpura ដែលគ្របដណ្តប់ដោយអ័ព្ទ ទេសភាពនៅទីនេះ ពិតជាស្អាតដូចក្នុងរឿងកុនអញ្ចឹង។
ស្នាដៃសិល្បៈ និងសិប្បកម្មត្បាញ
កេរដំណែលសិល្បៈរបស់រដ្ឋម៉ាដ្យាប្រាដែសគឺមានច្រើនទម្រង់ណាស់។ សម្លៀកបំពាក់សារី(Sarees) ម៉ាក Chanderi និង Maheshwari ដ៏ស្រស់ដែលពីមុនសម្រាប់តែម្ចាស់ក្សត្រីស្លៀក ឥឡូវនៅតែមានគេត្បាញដោយដៃ ដែលបន្លឺសំឡេងរងំពេញផ្លូវតូចៗក្នុងទីក្រុងចាស់មួយនេះ។ សិល្បៈបោះពុម្ពលើក្រណាត់ Bagh, ប្រដាប់ក្មេងលេងធ្វើពីស្បែករបស់ទីក្រុង Indore, សិប្បកម្មលោហៈ, និងការងារស្មូនដីរបស់ជនជាតិដើម សុទ្ធតែជាជំនាញដែលបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់៕
ដោយ៖ គង់ សិរីរ័ត្ន (ប្រភព៖ ស្ថានទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា)





