ម៉ាឡេស៊ីបង្កើនប្រតិបត្តិការដឹកជញ្ជូនស្វ័យប្រវត្តិ
AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ -- ប្រទេសម៉ាឡេស៊ី បានបើកដំណើរការជាផ្លូវការនូវមជ្ឈមណ្ឌលប្រតិបត្តិការពីចម្ងាយ (ROC) កាលពីពេលថ្មីៗនេះ ដើម្បីគាំទ្រដល់ប្រតិបត្តិការដឹកជញ្ជូនស្វ័យប្រវត្តិដោយប្រើប្រាស់យានយន្តដឹកជញ្ជូន RoboVan នៅទីក្រុងសាយប័រចាយ៉ា។
មជ្ឈមណ្ឌល ROC បម្រើជាមជ្ឈមណ្ឌលបញ្ជាកណ្តាល ដែលអនុញ្ញាតឱ្យមានការត្រួតពិនិត្យពេលវេលាជាក់ស្តែងនៃយានយន្តស្វ័យប្រវត្តិតាមរយៈវីដេអូផ្សាយផ្ទាល់ និងការវិនិច្ឆ័យប្រព័ន្ធ។ ទោះបីជា RoboVans មានសមត្ថភាពដំណើរការដោយស្វ័យភាពពេញលេញនៅក្នុងដែនប្រតិបត្តិការដែលបានកំណត់របស់ពួកគេក៏ដោយ ក៏មជ្ឈមណ្ឌល ROC ផ្តល់នូវប្រព័ន្ធសុវត្ថិភាពបន្ថែមទៀតដោយអនុញ្ញាតឱ្យប្រតិបត្តិកររក្សាការយល់ដឹងអំពីស្ថានភាព និងសម្របសម្រួលជំនួយទាន់ពេលវេលានៅពេលមានករណីចាំបាច់។
លោក អេលែន ឆុង នាយកប្រតិបត្តិនៃដំណោះស្រាយដឹកជញ្ជូនស្វ័យប្រវត្តិ (ALS) បាននិយាយថា ក្រុមហ៊ុនបានដឹកជញ្ជូនទំនិញជាង ៧០.០០០កញ្ចប់ដោយជោគជ័យចាប់តាំងពីការបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំមុន។ ទិន្នន័យប្រតិបត្តិការដែលប្រមូលបានពីការដឹកជញ្ជូនទាំងនេះនឹងជួយពង្រឹងទំនុកចិត្តសាធារណៈ ខណៈដែលគាំទ្រដល់ការអភិវឌ្ឍបទប្បញ្ញត្តិផ្លូវថ្នល់ដែលគ្រប់គ្រងយានយន្តស្វ័យប្រវត្តិនៅក្នុងប្រទេសម៉ាឡេស៊ី។
ការបើកដំណើរការមជ្ឈមណ្ឌល ROC គឺជាផ្នែកមួយនៃផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្ររបស់រដ្ឋសេឡាំងហ្គោ ដើម្បីក្លាយជាមជ្ឈមណ្ឌលក្នុងតំបន់សម្រាប់បញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ចល័តភាពនៅត្រឹមឆ្នាំ២០៣០។
លោក យ៉ុង កៃពីង នាយកប្រតិបត្តិនៃសាជីវកម្មបច្ចេកវិទ្យាព័ត៌មាន និងសេដ្ឋកិច្ចឌីជីថល Selangor (Sidec) បាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធត្រួតពិនិត្យតំណាងឱ្យជំហានជាក់ស្តែងមួយឆ្ពោះទៅរកការកសាងប្រព័ន្ធអេកូឡូស៊ីចល័តភាពស្វ័យប្រវត្តិ ដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញ ជាជាងការពឹងផ្អែកលើគម្រោងសាកល្បងដាច់ដោយឡែក។
គំនិតផ្តួចផ្តើមនេះក៏មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការអភិវឌ្ឍ Malaysia Chip Design Park ដែលផ្តោតទៅលើការរចនាបន្ទះឈីបសម្រាប់មនុស្សយន្ត និងយានយន្តស្វ័យប្រវត្តិ។ ប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាខ្ពស់នាពេលបច្ចុប្បន្ន ជួលវិស្វករជាង ៤០០នាក់ និងមានគោលបំណងពង្រីកកម្លាំងពលកម្មរបស់ខ្លួនដល់អ្នកដែលមានជំនាញខ្ពស់ចំនួន ១.០០០នាក់នៅត្រឹមឆ្នាំ២០៣០ ខណៈដែលបង្កើនមាតិកាផលិតកម្មក្នុងស្រុកយ៉ាងហោចណាស់ ៣០%។
ក្នុងអំឡុងពេលពិធីដាក់ឱ្យដំណើរការ ALS បានបង្ហាញថា RoboVan និងប្រព័ន្ធប្រតិបត្តិការរបស់មជ្ឈមណ្ឌល ROC បង្ហាញពីសមត្ថភាពរបស់យានយន្តក្នុងការរកឃើញឧបសគ្គ និងអនុវត្តការចតរថយន្តស្វ័យប្រវត្តិដោយសុវត្ថិភាព។ ផ្លូវសាកល្បងនៅទីក្រុងសាយប័រចាយ៉ាឥឡូវនេះត្រូវបានពង្រីកដល់ ២២គីឡូម៉ែត្រជាមួយនឹងចំណតចំនួន២១ ដែលគ្របដណ្តប់លើបរិស្ថានទីក្រុងស្មុគស្មាញជាច្រើនដើម្បីផ្ទៀងផ្ទាត់ និងកែលម្អបច្ចេកវិទ្យាចល័តស្វ័យប្រវត្តិជំនាន់ក្រោយ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





