មានអ្នកដំណើរជិត ១៥០នាក់បានស្លាប់ និងជាង ២៤០នាក់រងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងខែកក្កដា
AKP ភ្នំពេញ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦–នៅក្នុងរយៈពេលមួយខែពេញ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសកើតឡើងចំនួន ២០៨ករណី បណ្តាលឱ្យមានមនុស្សស្លាប់រហូតដល់ទៅ ១៤៤នាក់ និងរបួសធ្ងន់ស្រាលចំនួន ២៤៥នាក់។ នេះបើតាមរបាយការណ៍ក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនោះភាគច្រើនបណ្តាលមកពី ការបើកបរល្មើសល្បឿនកំណត់ ការមិនគោរពសិទ្ធិអាទិភាព ការបើកបរមិនប្រកាន់ស្តាំ ការវ៉ាជែង ការបត់មិនប្រុងប្រយ័ត្ន ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង ការមិនគោរពសញ្ញាចរាចរណ៍ និងកត្តាយានយន្តជាដើមដោយក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ គ្រោះថ្នាក់ចរាចរណ៍បានកើនឡើងបើធៀបនឹងឆ្នាំ២០២៥ ក្នុងនោះករណីគ្រោះថ្នាក់មានកំណើន ២១៣លើក (ស្មើនឹង ២០%) ចំនួនអ្នកស្លាប់មានកំណើន ៧៩នាក់ (ស្មើនឹង ១១%) និងចំនួនអ្នករបួសមានកំណើន ៤៦៨នាក់ (ស្មើនឹង ៣២%)។

សូមជម្រាបជូនថា ដោយសារកំណើនគ្រោះថ្នាក់ចរាចរណ៍នេះមានការកើនឡើងដ៏គួរឱ្យព្រួយបារម្ភ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានដាក់លិខិតគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្នើសុំគោលការណ៍អនុញ្ញាតរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឡើងវិញ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦តទៅ។ ក្នុងលិខិតស្នើសុំនោះ ឯកឧត្តម អភិសន្តិបណ្ឌិត បានគោរពរាយការណ៍ជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី អំពីក្តីព្រួយបារម្ភករណីកំណើនគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីការអនុវត្តច្បាប់នៅទូទាំងប្រទេសត្រូវបានផ្អាកមួយរយៈពេលធំ ដើម្បីសម្រួលដល់ស្ថានភាពសេដ្ឋកិច្ចពលរដ្ឋ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





