រាជរដ្ឋាភិបាលកម្ពុជាបន្តពង្រីកប្រព័ន្ធគាំពារសង្គម និងជំរុញកិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីដើម្បីជួយប្រជាពលរដ្ឋងាយរងគ្រោះ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៦ -- រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តបោះជំហានយ៉ាងស្វាហាប់ក្នុងការអភិវឌ្ឍ និងពង្រឹងប្រព័ន្ធគាំពារសង្គមឱ្យកាន់តែមានគ្របដណ្តប់ទូលំទូលាយ និងមានភាពធន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្រីក្រ និងក្រុមគោលដៅងាយរងគ្រោះនៅទូទាំងប្រទេស។
ថ្លែងក្នុងពិធីប្រកាសជាផ្លូវការ ស្តីពីការទទួលហិរញ្ញប្បទានបន្ថែមសម្រាប់ «គម្រោងលើកកម្ពស់គាំពារសង្គម និងសុខភាព ដំណាក់កាលទី២» (ISPH2) លោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានគូសរំលេចពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម។

នៅក្នុងឱកាសនោះ លោកជំទាវ បានបង្ហាញអំពីសមិទ្ធផលចម្បងៗនៃប្រព័ន្ធគាំពារសង្គមកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងបែងចែកថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ ដើម្បីគាំទ្រដល់កម្មវិធីគាំពារសង្គមធំៗពីរ ដែលរួមមាន កម្មវិធីជាតិជំនួយសង្គម៖ គិតត្រឹមខែមិថុនា ឆ្នាំ២០២៤ កម្ពុជាបានពង្រីកវិសាលភាពគ្របដណ្តប់លើប្រជាពលរដ្ឋគោលដៅសរុបប្រមាណ ៤,៨៦លាននាក់ ដោយបានបញ្ចេញថវិកាជាតិប្រមាណ ១.១៣១ប៊ីលានរៀល (ស្មើនឹង ២៨២លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តកម្មវិធីជំនួយចំនួន៧ ធំៗ។ របបបេឡាសន្តិសុខសង្គម (ប.ស.ស.)៖ បានគ្របដណ្តប់លើពលរដ្ឋប្រមាណ ៣,៧លាននាក់ លើផ្នែកប្រាក់សោធន ថែទាំសុខភាព និងហានិភ័យការងារ ដោយរាជរដ្ឋាភិបាលបានទម្លាក់ថវិកាជាតិប្រមាណ ១.៩០០ប៊ីលានរៀល (ស្មើនឹង ៤៧៥លានដុល្លារអាម៉េរិក) សម្រាប់ឆ្នាំ២០២៤ បន្ថែមលើភាគទានដែលប្រមូលបានពីសមាជិក។


លោកជំទាវបានបញ្ជាក់ថា ទិសដៅការងារ និងការស្វាគមន៍កិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងវិបត្តិផ្សេងៗ កម្ពុជាបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្បទានបន្ថែមចំនួន ៣លានដុល្លារអូស្ត្រាលី ពីរាជរដ្ឋាភិបាលអូស្ត្រាលី (តាមរយៈ GIZ កម្ពុជា)។ ភាគីកម្ពុជានឹងយកថវិកានេះទៅប្រើប្រាស់ដើម្បីសម្រេចនូវទិសដៅអាទិភាពសំខាន់ៗរួមមាន ការជួយគាំទ្រជាពិសេសដល់ជនមានពិការភាព និងការរៀបចំធ្វើអន្តរកាលថាមពល។ ការធ្វើទំនើបកម្មប្រព័ន្ធគាំពារសង្គមឌីជីថល ការកំណត់អត្តសញ្ញាណ និងការបង្កើតប្រព័ន្ធទិន្នន័យចែករំលែកឱ្យកាន់តែមានប្រសិទ្ធភាព។ ការរៀបចំជួយគាំទ្រដល់អ្នកធ្វើការក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធគាំពារសង្គម។ ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តនៅថ្នាក់មូលដ្ឋាន និងការពង្រឹងសមត្ថភាពឆ្លើយតបទៅនឹងគ្រោះអាសន្ន ឬវិបត្តិទ្រង់ទ្រាយធំ។
ភាគីកម្ពុជាបានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រសួង-ស្ថាប័នជាតិ (ដូចជាក្រសួងផែនការ ក្រសួងសង្គមកិច្ច និងក្រសួងសុខាភិបាល) ជាមួយដៃគូអភិវឌ្ឍន៍ ដោយលោកជំទាវបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងក្លាយជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងប្រព័ន្ធគាំពារសង្គមកម្ពុជាប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព ដើម្បីសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។
ដោយ៖ យា ចិន្តាខន្តី





