អង្គការ FAO រៀបចំសិក្ខាសាលាស្តីពីការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធលើតម្លៃផ្លែស្វាយរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--រាល់ពេលប្រមូលផលផ្លែស្វាយ នៅក្នុងប្រទេសកម្ពុជាមានសក្តានុពលក្នុងការបង្កើតការងារបន្ថែម បង្កើនប្រាក់ចំណូលរបស់កសិករ និងបើកឱកាសទីផ្សារថ្មីៗផងដែរ។ នៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦ អង្គការ FAO សហការជាមួយអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានរៀបចំសិក្ខាសាលាស្តីពីការសម្របសម្រួលជាមួយភាគីពាក់ព័ន្ធលើការអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃស្វាយ ក្រោមគំនិតផ្តួចផ្តើម «ផលិតផលអាទិភាពមួយ សម្រាប់ប្រទេសមួយ» (OCOP)។

ក្នុងសិក្ខាសាលាបានកត់សំគាល់ឃើញថា វិស័យស្វាយរបស់កម្ពុជាបន្តរីកចម្រើន ដោយមានការនាំចេញលើសពី ២០០ ០០០ តោន ដែលមានតម្លៃ ១០៨ លានដុល្លារអាមេរិក ដែលនេះបង្ហាញឱ្យឃើញពីសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេសក្នុងការបង្កើតតម្លៃបន្ថែមពីការប្រមូលផលនីមួយៗ។ ក្នុងសិក្ខាសាលានេះក៏បានពិនិត្យមើលវឌ្ឍនភាពនៃការវាយតម្លៃលទ្ធភាពជាក់ស្តែងជាបន្ទាន់ សម្រាប់ការកែច្នៃដំណាក់កាលដំបូងនៃផ្លែស្វាយនៅក្នុងខេត្តឧត្តរមានជ័យ ក្រោមគម្រោង PEARL ដែលទទួលបានការគាំទ្រពីមូលនិធិអាកាសធាតុបៃតង (Green Climate Fund)។ សកម្មភាពនេះនឹងជួយកំណត់ទិសដៅសម្រាប់ការវិនិយោគនាពេលអនាគត កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកទេស និងភាពជាដៃគូ ដើម្បីកសាងវិស័យស្វាយមួយដែលមានភាពប្រកួតប្រជែង និងនិរន្តរភាព។

ក្នុងសិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម វ៉ា រ៉ូតសាន រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា បណ្ឌិត ជូ ជ័យធារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងសាស្រ្តាចារ្យ Gao Aiping អ្នកជំនាញផ្នែកផលិតស្វាយមកពីវិទ្យាស្ថានធនធានហ្សែនដំណាំតំបន់ត្រូពិក នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រកសិកម្មតំបន់ត្រូពិកចិន (CATAS) ព្រមទាំងតំណាងរាជរដ្ឋាភិបាល កសិករ សហករណ៍កសិកម្ម អ្នកកែច្នៃ អ្នកប្រមូលទិញ អ្នកនាំចេញ អ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍន៍ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖FAO)





