មន្រ្តីបរិស្ថានខេត្តព្រះវិហារចាត់វិធានលើករណីកាន់កាប់ដីធ្លីមួយកន្លែងក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ក្នុងខេត្តព្រះវិហារ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦--មន្ទីរបរិស្ថានខេត្តព្រះវិហារ ដោយបានចាត់ឱ្យមន្រ្តីជំនាញ ចុះអនុវត្តវិធានការច្បាប់ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ជុំវិញករណីកាន់កាប់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន។
ប្រភពពីក្រសួងបរិស្ថានបានឱ្យដឹងថា កាលពី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ ដឹកនាំដោយ លោក នង វុទ្ធា អនុប្រធានការិយាល័យ ទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន៣នាក់ ដោយមានការ ចូលរួមពីក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយ៉ង់ និងអនុប្រធានភូមិស្រយ៉ង់ត្បូង ចុះពិនិត្យទីតាំង "កុមារហ្វាម" ដែលកំពុងកាន់កាប់ដី ទំហំសរុបប្រមាណជាង ៤០០ហិកតា ដែលមួយផ្នែកស្ថិតក្នុងតំបន់ការពារធម្មជាតិ និងមួយផ្នែក ទៀតនៅក្រៅតំបន់ការពារ។

ប្រភពខាងលើនេះបានបញ្ជាក់ដែរថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក មាស ញឹម អនុប្រធាន មន្ទីរបរិស្ថានខេត្ត បានចូលរួមកិច្ចប្រជុំ ជាមួយរដ្ឋបាលស្រុកគូលែន ដឹកនាំដោយ លោក ប៉ែន ជឹង អភិបាលនៃគណៈ អភិបាលស្រុកគូលែន និងមានការចូលរួម ពីតំណាងអធិការដ្ឋាននគរបាលស្រុក មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក និងមន្ត្រីរាជការព្រមទាំងតំណាងម្ចាស់ដីទាំង ២០គ្រួសារ នៃកសិដ្ឋាន«កុមារហ្វាម»។

ជាលទ្ធផល កសិដ្ឋានខាងលើបានកាន់កាប់ផ្ទៃដីស្ថិតក្នុងតំបន់ការពារធម្មជាតិមានទំហំ ២៣៦,៩១ហិកតា ដោយមានការកសាងទំនប់ទឹក ធ្វើស្រែសរីរាង្គ និងមានការចតគ្រឿងចក្រចំនួន ០៨គ្រឿង។ មន្ទីរបរិស្ថានខេត្តព្រះវិហារបានចាត់វិធានការចំពោះមុខ ដោយតម្រូវឱ្យម្ចាស់ទីតាំងផ្អាកជាបន្ទាន់នូវរាល់សកម្មភាពនានាដែល ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដោយគ្មានការអនុញ្ញាត។ មន្ទីរបរិស្ថានខេត្ត ចាត់វិធានការ តាមនីតិវិធីច្បាប់ចំពោះការកាន់កាប់ដីក្នុងតំបន់ការពារធម្មជាតិ និងធ្វើការដកហូតយកផ្ទៃដីក្នុងតំបន់ការពារធម្មជាតិនោះ មកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញ។

គួរបញ្ជាក់ថា យោងតាមអនុក្រឹត្យ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានបង្កើតឡើងនិងមានផ្ទៃដីទំហំ ៥១,៧៣០ ហិកតា៕
ដោយ មករា





