ក្រសួងអប់រំនឹងធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រទៅសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឆ្នាំសិក្សា២០២៦-២០២៧
AKP ភ្នំពេញ ថ្ងៃទី២៨ ខែក្កដា ឆ្នាំ២០២៦--យោងតាមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និង ក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវស្តីពីវិស័យអប់រំ សម្រាប់រយៈពេលពីឆ្នាំ២០១៩-២០២៣ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងអប់រំ យុវជន និងកីឡា បានជូនដំណឹងដល់សាធារណរជនទាំងពីរភេទជ្រាបថា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ១៥កន្លែងទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
បើតាមសេចក្តីជូនដំណឹងក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា មុខជំនាញសម្រាប់សិក្សារួមមាន៖
បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ព័ត៌មានវិទ្យា ស្ថាបត្យកម្ម គ្រប់គ្រងព្រៃឈើ គ្រប់គ្រងធនធានទឹក និងឧតុនិយម សណ្ឋាគារ និងទេសចរណ៍។ ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះជាបេក្ខជន បេក្ខជនទាំងពីរភេទត្រូវមាន សញ្ជាតិខ្មែរ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬសញ្ញាបត្រមានតម្លៃសមមូល អាយុមិនលើសពី ៣៥ឆ្នាំ គិតដល់ខែតុលា ឆ្នាំ២០២៦ សុខភាពល្អបរិបូណ៌ទាំងកាយសម្បទា និងសតិបញ្ញា។

ការទទួលពាក្យសុំប្រឡងនឹងចាប់ផ្តើមពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦ម៉ ០០នាទីនៅការិយាល័យសហប្រតិបត្តិការទ្វេភាគី និងពហុភាគី នៃនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងកិច្ចការអាស៊ាន ដែលមានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ចំពោះការប្រឡងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦។ រីឯមណ្ឌលប្រឡងនឹងជម្រាបជូនពេលក្រោយ។ វិញ្ញាសាប្រឡងមាន វប្បធម៌ទូទៅរយៈពេល១ម៉ោង ៣០នាទី គណិតវិទ្យារយៈពេល១ម៉ោង ៣០នាទី៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





